អតីតមេទ័ពអង់គ្លេស ព្រមានថា អ៊ុយក្រែន ត្រូវតែឈ្នះរុស្ស៊ីឲ្យបាននៅឆ្នាំនេះ បើមិនដូច្នោះទេ លោកខាងលិចនឹងលែងគាំទ្រ!

0

 

អតីតមេទ័ពអង់គ្លេស លោក Sir Richard Dannatt បានព្រមានថា ប្រទេសអ៊ុយក្រែន ត្រូវតែយកឈ្នះរុស្ស៊ីឲ្យបាននៅឆ្នាំនេះ បើមិនដូច្នោះទេ នឹងការបាត់បង់ការគាំទ្រពីលោកខាងលិច។

 

ថ្លែងតាមវិទ្យុ Times កាលពីថ្ងៃចន្ទទី១៥ខែឧសភា អតីតមេទ័ពរូបនេះនិយាយថា យោធារុស្ស៊ី អាចនឹងដួលរលំ ក្នុងការវាយបករបស់អ៊ុយក្រែន នៅចុងឆ្នាំនេះ។

 

លោកបន្តថា “ការវាយបកដ៏ធំដែលយើងទាំងអស់គ្នារំពឹងទុក និងអ៊ុយក្រែនកំពុងរៀបចំ គឺមិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែប្រហែលជាមិននៅសល់ពេលយូរប៉ុន្មានទៀតទេ។ ប្រសិនបើអ៊ុយក្រែន ទទួលបានជោគជ័យតាមគោលបំណងក្នុងការរំដោះទឹកដីពីរុស្ស៊ីនោះ នេះគឺជាឆ្នាំដែលពួកគេត្រូវតែធ្វើឲ្យបាន”។

 

លោក Sir Richard បន្ថែមថា “ប៉ុន្តែវាមានគ្រោះថ្នាក់ដែលការគាំទ្ររបស់លោកខាងលិចនឹងថមថយ។ វាក៏មានគ្រោះថ្នាក់ផងដែរដែលលោក វ្ល៉ាឌីមៀរ ពូទីននឹងយកឱកាសដើម្បីធ្វើអ្វីមួយ ដូច្នេះវាពិតជាសំខាន់ណាស់ដែលអ៊ុយក្រែន ត្រូវបើកការវាយលុកនេះឲ្យមានប្រសិទ្ធភាពចំពេលដ៏ត្រឹមត្រូវ”។

 

ការអត្ថាធិប្បាយរបស់លោក Richard កើតឡើងចំពេលយោធាអ៊ុយក្រែន បានសាទរការវាយលុកនាពេលថ្មីៗនេះជុំវិញទីក្រុង Bakhmut ថាជាការវាយបកដ៏ជោគជ័យលើកដំបូងរបស់ខ្លួន ក្នុងសមរភូមិជាមួយកងកម្លាំងរុស្ស៊ី ដែលកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងទីក្រុងភាគខាងកើត។

 

ប៉ុន្តែទីក្រុងកៀវក៏បាននិយាយផងដែរថា ស្ថានភាពនៅ Bakhmut មានការលំបាក ហើយគូសបញ្ជាក់ថា ទីក្រុងមូស្គូមិនបានផ្លាស់ប្តូរគោលដៅរបស់ខ្លួនក្នុងការដណ្តើមយកទីក្រុងនេះទេ ហើយកំពុងបញ្ជូនកងទ័ពវាយលុកទៅកាន់ជាយក្រុង៕

Leave A Reply

Your email address will not be published.