បណ្ឌិត ហ៊ុន ម៉ាណែត ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជនបន្តសិក្សារៀនសូត្រពេញមួយជីវិត ក្នុងសង្គមសន្តិភាព!
ខេត្តក្រចេះ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកទឹកចិត្តដល់សិស្ស និស្សិត យុវជនកម្ពុជាបន្តសិក្សាពេញមួយជីវិត ខណៈប្រទេសជាតិទទួលបានសន្តិភាពពេញលេញរួចហើយ ខុសពីអ្នកជំនាន់មុនគ្មានឱកាសច្រើនក្នុងការសិក្សានោះទេ ព្រោះប្រទេសជួបស្ថានភាពសង្គ្រាម។
ការដាស់តឿននេះធ្វើឡើងក្នុងឱកាសឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច (UME) ខេត្តក្រចេះ សរុប៨០០អង្គ/នាក់ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមបានចូលរួមអបអរសាទរជាមួយសមណនិស្សិត និងនិស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ បន្ទាប់ពីបានយកចិត្តទុកដាក់រៀនសូត្រ និងពុះពារជម្នះរាល់ការលំបាកអស់រយៈពេលជាច្រើនឆ្នាំ។ លោកចាត់ទុកថានេះក៏ជាជំហានថ្មីមួយទៀតនៅក្នុងជីវិត ចំពោះការទទួលបាននូវការបញ្ជាក់អំពីគុណវុឌ្ឍិជាផ្លូវការ ក្នុងនាមជាមូលធនមនុស្សប្រកបដោយគុណភាព ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម សាសនា និងបម្រើការងារនៅតាមក្រសួង-សា្ថប័នរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលនានា។
បណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជនកម្ពុជាបន្តសិក្សារៀនសូត្រពេញមួយជីវិត ខណៈប្រទេសជាតិទទួលបានសន្តិភាពពេញលេញដូចពេលបច្ចុប្បន្ននេះ ព្រោះកាលពីជំនាន់ឪពុកម្ដាយ យាយតារបស់យើងជួបស្ថានភាពសង្គ្រាម គ្មានឱកាសច្រើនក្នុងការសិក្សានោះទេ។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា «នេះពិតជាមោទកភាពដ៏ត្រចះត្រចង់សម្រាប់ក្រុមគ្រួសារទាំងមូល ជាពិសេសចំពោះគ្រួសារមួយចំនួនដែលឪពុកម្តាយមិនមានឱកាសសិក្សារៀនសូត្រ ក្នុងអំឡុងពេលដែលប្រទេសជាតិមានសង្គ្រាមបែកបាក់វឹកវរ ដែលធ្វើឱ្យបាត់បង់ឱកាសគ្រប់យ៉ាងទាំងស្រុង»។
ឯកឧត្តមបណ្ឌិតចាត់ទុកចំណេះដឹង គឺជាអំណាចសម្រាប់បុគ្គលម្នាក់ៗ ដែលចំណេះដឹងនេះគឺបានពីការអប់រំ ការអប់រំបានផ្តល់ឱ្យយើងនូវអំណាច ភាពម្ចាស់ការ និងឱកាសគ្រប់បែបយ៉ាង ហើយក៏ជាមូលដ្ឋានក្នុងការបន្តកសាងអភិវឌ្ឍខ្លួនទៅមុខបន្ថែមទៀត ទាំងតាមការចាប់យកជំនាញថ្មី (Reskilling) និងការធ្វើទំនើបកម្មលើជំនាញដែលមានស្រាប់ (Upskilling) ដើម្បីឆ្លើយតបទៅនឹងឱកាសថ្មីៗកាន់តែប្រសើរ ជាពិសេសការប្រកួតប្រជែងយកឱកាសការងារទាំងក្នុងនិងក្រៅប្រទេស។
ឯកឧត្តមបណ្ឌិតបាននាំនិស្សិតគិតដល់ចំណុចគួរកត់សម្គាល់មួយថា ជោគជ័យធំក្នុងគ្រប់កិច្ចការ គឺកើតពីការរួមផ្សំនៃជោគជ័យតូចៗជាច្រើនវេញបញ្ចូលគ្នា។ ជាក់ស្តែង ភាពជោគជ័យនៃការសិក្សានៅកម្រិតឧត្តមសិក្សា បានកើតចេញពីការបូកឡើងជាលំដាប់នៃជោគជ័យនៅខាងក្រោម ចាប់តាំងពីថ្នាក់បឋមសិក្សា និងមធ្យមសិក្សាទាំងពីរកម្រិតជាបន្តបន្ទាប់។ ដើម្បីទទួលបានជោគជ័យទាំងតូចទាំងធំ យើងចាំបាច់ត្រូវប្រកាន់នូវទម្លាប់វិជ្ជមាន ដោយខិតខំបំពេញរាល់ភារកិច្ចឱ្យមានប្រសិទ្ធភាព រស់រវើក ហ្មត់ចត់ លឿនរហ័ស និងល្អជាប់ជាប្រចាំ ព្រមជាមួយនឹងផ្នត់គំនិតនៃការដាក់ខ្លួនឱ្យទាបសាមញ្ញ ដោយទទួលយកការរៀនសូត្រពីគ្រប់មជ្ឈដ្ឋានជុំវិញ ដូចទៅនឹងលក្ខណៈធម្មជាតិរបស់រុក្ខជាតិស្មៅ ដែលតែងរក្សាបាននូវភាពធនរឹងមាំក្នុងគ្រប់ស្ថានការណ៍ ហើយតស៊ូប្រឹងប្រែងលូតលាស់ក្នុងគ្រប់ឧបសគ្គដោយមិនបោះបង់។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើឱ្យនិស្សិតទាំងអស់បន្តខិតខំរៀនសូត្រដោយមិនឈប់ឈរពេញមួយជីវិត ទាំងការដុសខាត់ជំនាញ ឬការចាប់យកជំនាញថ្មីៗ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការនៃទីផ្សារពលកម្ម ជាពិសេសក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្ម៤.០នេះ ដែលនឹងនាំមកនូវកាលានុវត្តភាពសម្រាប់កំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច៕