គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ស្នើអ្នកចូលរួមព្រឹត្តិការណ៍បិទស៊ីហ្គេម អនុវត្តវិធានការ៩ចំណុច!

0

 

ភ្នំពេញ ៖ ដើម្បីឱ្យពិធីបិទជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិមរតកតេជោ ដំដំណើរការបានដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានស្នើឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សាធារណជនជាតិ-អន្តរជាតិ ដែលនឹងត្រូវចូលរួមទាំងអស់ សូមអនុវត្តតាមវិធានការចំនួន៩ចំណុច។

 

វិធានការទាំង៩ចំណុច ដែលគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ស្នើដល់អ្នកចូលរួមគួរអនុវត្តនោះ រួមមាន៖

 

១. គោរពពេលវេលា វិន័យ សណ្ដាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី

២. ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន

៣. ផ្តល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធានក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗ

៤. អ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយ

៥. អនុញ្ញាតឱ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិក (Power Bank) ដែលមានថាមពលចំណុះក្រោម១០,០០០mAh

៦. មិនអនុញ្ញាតឱ្យកុមារអាយុក្រោម១០ឆ្នាំ ចូលរួមក្នុងពិធី

 

ជាមួយគ្នានេះ អ្នកចូលរួមមិនត្រូវអនុវត្តដូចខាងក្រោម ៖

 

៧. ហាមយកកាបូបស្ពាយ ឬកាបូបយួរដៃ ចូលក្នុងពិធី

៨. ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី

៩. ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា

 

គួរបញ្ជាក់ថា បើយោងតាមកម្មវិធី នៃពិធីបិទជាផ្លូវការ នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ពិធីនឹងចាប់ផ្តើមពីម៉ោង៤រសៀលតទៅ។ ក្នុងនោះទស្សនិកជន មហាជន នឹងតម្រូវឱ្យអញ្ជើញទៅដល់នៅវេលាម៉ោង២រសៀល ខណៈប្រតិភូកីឡាស៊ីហ្គេម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នឹងអញ្ជើញដល់នៅវេលាម៉ោងប្រមាណ ៦ល្ងាច។

Leave A Reply

Your email address will not be published.