ប៉ូលិសធាត់ៗក្បាលពោះធំ ប្រឈមនឹងត្រូវបណ្តេញចេញពីអង្គភាពនៅឥណ្ឌា!
មន្ត្រីនៅក្នុងរដ្ឋ Assam របស់ប្រទេសឥណ្ឌា បានប្រាប់ប៉ូលិសដែលមានទម្ងន់ធ្ងន់ជ្រុលថា រូបរាងកាយរបស់ពួកគេនឹងត្រូវពិនិត្យ ចាប់ពីពាក់កណ្តាលខែសីហាទៅ ហើយថា មន្រ្តីស្ថិតនៅក្នុងប្រភេទ “ធាត់” ត្រូវតែសម្រកទម្ងន់មុនខែវិច្ឆិកា បើមិនដូច្នេះទេ នឹងឈប់ឲ្យធ្វើការ។
លោក GP Singh ប្រមុខកងកម្លាំងប៉ូលិសរដ្ឋ Assam បាននិយាយថា “យើងមានគម្រោងទុកពេលបីខែ ដល់ប៉ូលិសរដ្ឋ Assam ទាំងអស់ មុនការធ្វើតេស្តចាប់ផ្តើម។ អ្នកទាំងអស់ដែលមានកម្រិតធាត់ក្នុងប្រភេទ BMI 30+ នឹងត្រូវទុកពេលឲ្យ៣ខែទៀត ដើម្បីសម្រកទម្ងន់”។
លោក Singh បង្ហាញថា ខ្លួនលោកផ្ទាល់ នឹងក្លាយជាមន្ត្រីដំបូងគេដែលឲ្យគេវាស់សន្ទស្សន៍ម៉ាសរាងកាយ ហើយថា មន្ត្រីរូបណាដែលមានជំងឺដូចជា ជំងឺលើសក្រពេញទីរ៉ូអ៊ីត នឹងត្រូវបានលើកលែងពីវិធានការនេះ។
គួរបញ្ជាក់ថា បញ្ជានេះធ្វើឡើង បន្ទាប់ពីប្រមុខរដ្ឋ Assam លោក Himanta Biswa Sarma បានចេញសេចក្តីថ្លែងការណ៍មួយនារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗថា មន្រ្តីប៉ូលិសប្រមាណ៣០០នាក់ដែលផឹកស្រារាល់ថ្ងៃ និងមានរាងកាយមិនសមរម្យ នឹងត្រូវបានស្នើសុំឲ្យចូលនិវត្តន៍មុនអាយុ ក្នុងយុទ្ធនាការមួយដែលលោកហៅថា “កាប់ឈើងាប់ចេញពីកងកម្លាំងប៉ូលិស”។
យោងតាមរបាយការណ៍របស់កាសែត Times of India, ប៉ូលិសជាច្រើននាក់នៅក្នុងរដ្ឋ Assam ត្រូវបានដកបញ្ឈរជើង បន្ទាប់ពីឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងពួកគេស្រវឹងស្រា នៅពេលបំពេញកាតព្វកិច្ច៕