បណ្ឌិត ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជា ពិតជាឆ្អែតធុញទ្រាន់នឹងសង្គ្រាម ជម្លោះបែកបាក់ ដូច្នេះសូមចូលថែរក្សាការពារសុខសន្តិភាពដែលកំពុងមាន!

0

ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក លើកឡើងថា ប្រជាជនកម្ពុជាទាំងអស់ ពិតជាឆ្អែតធុញទ្រាន់នឹងសង្គ្រាម និងជម្លោះបែកបាក់ ដូច្នេះសូមចូលរួមទាំងអស់គ្នាក្នុងការថែរក្សាការពារសុខសន្តិភាពដែលកំពុងមាន ហើយប្តេជ្ញាការពារសន្តិភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ។
នាយឧត្តមមសេនីយ៍ ហ៊ុន ម៉ាណែត លើកឡើងដូចនេះក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ផ្ទះជូនអតីតយុទ្ធជន យោធិនពិការ និងក្រុមគ្រួសារយោធិនពលី-មរណៈ នៅតំបន់សម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តម នាយឧត្តមសេនីយ៍បានឱ្យដឹងទៀតថា ថ្ងៃទី ២០ ឧសភា ជាទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវមហាទុក្ខវេទនា សោកនាដកម្ម ការនិរាសព្រាត់ប្រាស់គ្រួសារ ដោយសាររបបដ៏សាហាវយង់ឃ្នងនៃរបបប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលបានកើតឡើងដោយសារសង្គ្រាមបែកបាក់ផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដូចដែលអតីតយុទ្ធជនផ្ទាល់ជាសាក្សីរស់ ជាជនរងគ្រោះផ្ទាល់ និងតំណាងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទៅ។
ឯកឧត្តមឱ្យដឹងទៀតថា ថ្ងៃនេះ ២០ ឧសភា ២០២៣ គឺជាអនុស្សាវរីយ៍ប្រកបដោយការចងចាំខុសផ្ទុយស្រឡះពីអតីតកាល ដោយប្រែមកជាថ្ងៃប្រកបដោយសប្បាយរីករាយជាមួយនឹងការចងចាំទុកនូវអនុស្សាវរីយ៍នៃការទទួលបានផ្ទះសម្បែងជាជម្រកដ៏សុខសាន្ត និងពោរពេញដោយស្នាមញញឹម។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បន្ថែមឱ្យដឹងដែលថា សមាគមអតីតយុទ្ធជនកម្ពុជា គឺមានតួនាទីសំខាន់ ២យ៉ាង ដោយជាតួអង្គចូលរួមចំណែកអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលធានាឈប់ឱ្យមានពិការភាព និងរបួស-ស្លាប់ដោយសារសង្គ្រាម និង ជាយន្តការបន្ថែមលើយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការយកចិត្តទុកដាក់ និងការថែទាំអតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈ។
ដោយឡែក ការយកចិត្តទុកដាក់ និងថែទាំ ដែលបានអនុវត្តកន្លងមក បម្រើឱ្យគោលដៅ ២សំខាន់ គឺជីវភាព ដែលរាជរដ្ឋាភិបាល បានគិតគូររៀបចំប្រាក់សោធននិវត្តន៍ ដោយខិតខំដំឡើងជាលំដាប់ ដោយបូករួមនឹងរបបបេឡាសន្តិសុខសង្គម សេវាសុខាភិបាល ឱកាសអប់រំសិក្សារៀនសូត្រ និងបណ្តុះបណ្តាលជំនាញដល់ក្រុមគ្រួសារ ពិសេសការរៀបចំជាផ្ទះលំនៅដ្ឋានដូចដែលកំពុងចែកជូនក្នុងពេលនេះ។
ចំពោះកិត្តិយស គឺជាការយកចិត្តទុកដាក់តម្កល់វីរភាពនៃការលះបង់ជីវិត រាងកាយ និងកម្លាំងស្មារតីក្នុងបុព្វហេតុការពារជាតិមាតុភូមិកន្លងទៅ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានចងចាំ និងរៀនសូត្រតាម ដូចដែលស្តែងឡើងតាមរយៈ ការបំពាក់គ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាល ដើម្បីជាការទទួលស្គាល់ពីគុណូបការៈផង និងកិត្តិយសសម្រាប់ក្រុមគ្រួសារផង។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជួបជុំថ្ងៃនេះ គឺជាឱកាសប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាបំផុត ដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយអតីតយុទ្ធជន និងយោធិនពិការ ដែលជាវីរយុទ្ធជនដ៏គួរឱ្យគោរព និង ការចូលរួមអបអរសាទរចំពោះការទទួលបាននូវការបំពាក់គ្រឿងឥស្សរិយយស និងផ្ទះសម្បែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយទាំងអស់នេះ គឺពិតជាស័ក្តិសមទៅនឹងពលិកម្មគ្រប់បែបយ៉ាង គុណបំណាច់ និងស្នាដៃរបស់អតីតយុទ្ធជន និងយោធិនពិការ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិប្រកបដោយទឹកចិត្តស្នេហាជាតិ ដើម្បីប្តូរយកសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន៕

Leave A Reply

Your email address will not be published.