បណ្ឌិត ហ៊ុ ន ម៉ាណែត ជួបពិភាក្សាការងារជាមួយ លោក ចាវ ស៊ីថុង (Zhao Shitong)!
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអនុញ្ញាតឱ្យគណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹកនាំដោយលោក ចាវ ស៊ីថុង ប្រធាននាយកដ្ឋានកិច្ចការអាស៊ី២នៃក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា។
កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុកចិត្តគ្នា បន្តរួមចំណែកពូនជ្រំ និងលើកកម្ពស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស ប្រជាជន និងជាពិសេសយុវជន នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កា។
ភាគីទាំងពីរ បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងគណបក្សប្រទេសទាំងពីរ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ កីឡា វប្បធម៌ និងជាពិសេសគម្រោងផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន។ល។ ដែលមានការរីកចម្រើនគួរឱ្យកត់សំគាល់ ហើយប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ លើលពីនេះទៅទៀត ភាគីទំាងពីរក៏បានអះអាងផងដែរថា ទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល ប្រជាជននិងប្រជាជន ជាពិសេសយុវជន ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។
ភាគីទាំងពីរបានឯកភាពគ្នា បន្តថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យ គ្រប់កម្រិត ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក៕