អ៊ុយក្រែនចាប់ផ្តើមលុកលុយចូលវាយប្រហារតំបន់ Belgorod របស់រុស្ស៊ី!
លេខាធិការសារព័ត៌មានវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ក្រុមកងកម្លាំងអ្នកបះបោរអ៊ុយក្រែនមួយក្រុមបានលុកលុយចូលក្នុងតំបន់ Belgorod ព្រំដែនរបស់ប្រទេសរុស្ស៊ី ខណដែលកងយោធា និងភ្នាក់ងារអនុវត្តច្បាប់របស់ទីក្រុងមូស្គូ កំពុងវាយបកដើម្បីទប់ទល់នឹងការវាយប្រហារនេះ។
ព័ត៌មានអំពីការវាយឆ្មក់វាយលុក ត្រូវបានទម្លាយដំបូងដោយលោក Vyacheslav Gladkov អភិបាលតំបន់ដែលបានសរសេរនៅលើបណ្តាញ Telegram របស់គាត់។ គាត់សរសេរថា អង្គភាពបញ្ជាការអ៊ុយក្រែនបានឆ្លងកាត់ចូលទៅក្នុងស្រុក Grayvoron ភាគខាងលិចទីក្រុង Belgorod ។ លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនជនជាតិអ៊ុយក្រែនដែលបានចូលរួមក្នុងការវាយឆ្មក់នោះទេ។
ប៉ុន្តែលោកថា យោធារុស្ស៊ី ឆ្មាំជាតិ ភ្នាក់ងារល្បាតព្រំដែន និងសេវាសន្តិសុខសហព័ន្ធ (FSB) កំពុងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីបំផ្លាញសត្រូវដែលប៉ុនប៉ងវាយលុកចូលទឹកដីយើង។
លោក Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានផ្តល់ព័ត៌មានសង្ខេបអំពីបញ្ហានេះរូចហើយ។ លោកបន្តថា ការងារកំពុងដំណើរការដើម្បីរុញពួកគេចេញពីទឹកដីរុស្ស៊ី និងបំផ្លាញក្រុមបំផ្លិចបំផ្លាញនេះ ខណដែលយើង មានកម្លាំង និងធនធានគ្រប់គ្រាន់។
អ្នកនាំពាក្យក៏បានអះអាងផងដែរថា ការវាយប្រហារនេះគឺសំដៅកាត់បន្ថយការការចាប់អារម្មណ៍អំពីការដួលរលំនៃមូលដ្ឋានរឹងមាំ Donbass នៃ Artyomovsk ដែលត្រូវបានគេស្គាល់ថា Bakhmut ក្នុងប្រទេសអ៊ុយក្រែន ដែលថ្មីៗនេះត្រូវបានវាយយកទាំងស្រុងដោយកងកម្លាំងរុស្ស៊ី បន្ទាប់ពីការប្រយុទ្ធគ្នាដ៏ជូរចត់ជាច្រើនខែ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យនៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ុយក្រែន លោក Andrey Yusov បានបញ្ជាក់ពីការវាយឆ្មក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ។ ប៉ុន្តែបានទទូចថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងផ្តាច់មុខដោយពលរដ្ឋរុស្ស៊ីដែលកំពុងប្រយុទ្ធដើម្បីក្រុងគៀវ ពោលគឺហៅថាកងពល សេរីភាពនៃប្រទេសរុស្ស៊ី និងអ្នកស្ម័គ្រចិត្តរុស្ស៊ីប៉ុណ្ណោះ។
លោកបានអះអាងថា ការវាយប្រហារនេះបានស្វែងរក រំដោះ ទឹកដីមួយចំនួនពីក្រុងមូស្គូ និងការពារជនស៊ីវិលអ៊ុយក្រែនដោយបង្កើត រនាំងសន្តិសុខ។
សូមជម្រាបថា ប៉ុន្មាននាទីមុនពេលរាយការណ៍ពីការវាយប្រហារ អភិបាលក្រុង Gladkov បាននិយាយថា ភូមិ Glotovo ក្នុងតំបន់ដូចគ្នានេះ ត្រូវបានវាយប្រហារដោយកាំភ្លើងធំ បណ្តាលឲ្យមនុស្សពីរនាក់រងរបួ.ស។
ការវាយឆ្មក់ចូលទៅក្នុងតំបន់ Belgorod ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារស្រដៀងគ្នានេះទៅលើតំបន់ Bryansk របស់រុស្ស៊ីកាលពីដើមខែមីនា។ ទំនួលខុសត្រូវសម្រាប់ប្រតិបត្តិការដែលបានបណ្តាលឲ្យជនស៊ីវិលរុស្ស៊ីពីរនាក់ស្លាប់ និងក្មេងប្រុសម្នាក់រងរបួស ត្រូវបានអះអាងដោយអង្គភាពស្ម័គ្រចិត្តរុស្ស៊ី ខណៈពេលដែលមន្ត្រីនៅទីក្រុងគៀវបានបដិសេធថាពួកគេមិនបានរៀបចំប្រតិបត្តិការនេះទេ៕