សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍ !
ភ្នំពេញ៖ ថ្លែងក្នុងពេលដែល សម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រម៉ាវ៉លហ្កាមិន រោងចក្ររ៉ុងវីនហ្គាមិន និងរោងចក្រដាគ្វានថេកស្ថាយ ខេមបូឌា នាតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបន្តអំពាវនាវ ឱ្យរក្សាសន្តិភាព ដើម្បីការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ផ្តល់ឱកាសឱ្យកម្ពុជាយើងទាក់ទាញវិនិយោគពីបរទេសដើម្បីមកផលិតនៅក្នុងស្រុកបម្រើការនាំចេញទៅក្រៅប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាជុំទី២ ដែលសម្តេចចុះជួបផ្ទាល់ជាមួយកម្មករ-កម្មការិនីរោងចក្រ ដែលគម្រោងនេះគ្រោងធ្វើកាលពីពេលកន្លងទៅមកម្លេះ តែពេលនោះកម្ពុជាកំពុងផ្ទុះកូវីដ-១៩ ទើបត្រូវអាក់ខានមកធ្វើនៅពេលនេះវិញ ដែលជាពេលស្រាកស្រាន្ត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីភាពជោគជ័យ នៃការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលក្នុងនោះដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជារឿងចាំបាច់បំផុត រួមនឹងវិធានការសុខាភិបាលនានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕