ចិនថា៖ ខ្លួនកំពុងចរចាកិច្ចព្រមព្រៀងលក់អាវុធជាមួយអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប!
ប្រទេសចិនត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីបសម្រាប់កិច្ចព្រមព្រៀងសព្វាវុធសំខាន់ៗ ខណៈដែលប្រទេសនានាព្យាយាមធ្វើពិពិធកម្មការផ្គត់ផ្គង់អាវុធរបស់ពួកគេ ដើម្បីក្លាយជាប្រទេសដែលមិនសូវពឹងផ្អែកលើសហរដ្ឋអាមេរិក និងរុស្ស៊ី។
ប្រទេសចិន កំពុងពិភាក្សាជាមួយអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីប ដើម្បីលក់អាវុធថ្មីៗជាច្រើនប្រភេទទៅឲ្យរដ្ឋអារ៉ាប់ទាំងពីរនេះ រួមទាំងយន្តហោះចម្បាំង Chengdu J-10C ផងដែរ។
របាយការណ៍របស់សេវាចារកម្ម Tactical Report កាលពីដើមសប្តាហ៍នេះ បានអះអាងថា បច្ចុប្បន្នឧស្សាហកម្មយោធាអារ៉ាប៊ីសាអូឌីត (SAMI) កំពុងពិភាក្សាជាមួយសាជីវកម្ម China North Industries Group Corporation (Norinco) ដើម្បីទិញយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ និងប្រព័ន្ធការពារដែនអាកាស។
ទីភ្នាក់ងារនេះក៏បាននិយាយដែរថា ការចរចាកំពុងបន្តរវាងកងទ័ពអាកាសអេហ្ស៊ីប និងក្រុមឧស្សាហកម្មយន្តហោះ Chengdu ដោយភាគីទាំងពីរបានជួបប្រជុំគ្នានៅខាងក្រៅពិព័រណ៍សមុទ្រ និងលំហអាកាសអន្តរជាតិ Langkawi នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអង្គារ។
ទន្ទឹមនោះ ទីក្រុងរីយ៉ាដ ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកទិញយន្តហោះគ្មានមនុស្សបើក Sky Saker FX80, យាន CR500 (VTOL), គ្រាប់ Cruise Dragon 5 និង 10 និងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី HQ-17AE ផងដែរ។
ទាំងអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត គឺស្ថិតក្នុងចំណោមប្រទេសនាំចូលអាវុធលំដាប់កំពូលរបស់ពិភពលោក ហើយប្រទេសទាំងពីរ បាននិងកំពុងសម្លឹងមើលរុស្ស៊ី និងចិនកាន់តែខ្លាំងឡើង ជាដៃគូក្នុងវិស័យជាច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំង បានពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងរីយ៉ាដ ក្នុងប៉ុន្មានឆ្នាំចុងក្រោយ លើវិស័យជាច្រើនរួមទាំងសេដ្ឋកិច្ច យោធា និងការទូត ហើយថ្មីៗនេះ បានជួយចរចាស្តារទំនាក់ទំនងជាមួយអ៊ីរ៉ង់ឡើងវិញទៀតផង។
ការចង់បានអាវុធរបស់អារ៉ាប៊ីសាអូឌីត ក៏ត្រូវបានជំរុញដោយសង្រ្គាមរយៈពេលប្រាំបីឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសយេម៉ែនប្រឆាំងនឹងចលនា Houthi ផងដែរ៕