នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីនចប់អាណត្តិ និងនាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីនតែងតាំងថ្មី ចូលជួបសម្តែងការគួរសម!

0

 

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ វរសេនីយ៍ឯក SHALIMAR R IMPERIAL នាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជាចប់អាណត្តិ និង វរនាវីឯក LEO C.DIMOC នាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីនតែងតាំងថ្មី ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅអគ្គបញ្ជាការដ្ឋាន។

 

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានការមួយចំនួននៅកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

 

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានលើកឡើងពីជោគជ័យមួយចំនួនរបស់កម្ពុជា នៅក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ ក្នុងនោះរួមមាន ការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជោគជ័យការប្រកួតកីឡាស៊ីហ្គេមដែលទើបបញ្ចប់ទៅថ្មីៗនេះ។

 

ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លៃអំណរគុណដល់កងទ័ពហ្វីលីពីនដែលបានជួយកងទ័ពកម្ពុជាទាំងស្មារតី សម្ភារៈ និងការផ្ដល់អាហារូបករណ៍ជួយកសាងធនធានមនុស្សក្នុងកងយោពលខេមរភូមិន្ទ លើមុខជំនាញមួយចំនួន។

 

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា អាស្រ័យដោយមានការជួយឧបមគាំទ្រពីបណ្ដាប្រទេសជាមិត្ត ធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ហើយមានសមត្ថភាពចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

 

ក្នុងកិច្ចឆ្លើយតប វរសេនីយ៍ឯក SHALIMAR R IMPERIAL បានជំរាបជូនពីដំណើរមកបំពេញបេសកកម្មការទូត លើវិស័យយោធានៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។

 

វរសេនីយ៍ឯក SHALIMAR R IMPERIAL បានបញ្ជាក់ថា បើទោះបីជួបបញ្ហាប្រឈមយ៉ាងដូច្នេះក្តី ក៏កិច្ចសហប្រតិបត្តិការបានដំណើរការដោយលូន និងទទួលបានជោគជ័យ ក្នុងនោះ កងទ័ពប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នា និងការតាក់តែងរៀបចំឯកសារផ្លាស់ប្ដូរព័ត៌មានចារកិច្ច ជាដើម។

 

វរសេនីយ៍ឯក នាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពចូលរួមរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព បានបើកប្រទេសឡើងវិញ ដែលធ្វើឲ្យមានការស្ងើចសរសើរទាំងថ្នាក់តំបន់ និងពិភពលោក។

 

ជាមួយនោះ វរសេនីយ៍ឯក SHALIMAR R IMPERIAL ក៏បានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់ដែលកម្ពុជាសម្រេចបាន នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា និងជោគជ័យការរៀបចំដំណើរការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕

Leave A Reply

Your email address will not be published.