រដ្ឋបាលខេត្តកំពង់ចាមច្រានចោលការចោទប្រកាន់ថាសមត្ថកិច្ច បានឃាត់ខ្លួនបុរសឈ្មោះ ឌុច តាស់ !

0

 

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា៖ នៅប៉ុន្មានថ្ងៃនេះ មានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមនានា ថាសមត្ថកិច្ច បានឃាត់ខ្លួនបុរសឈ្មោះ ឌុច ភាស់ រស់ នៅភូមិព្រែករំដេង (គ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បញ្ជូនមកតុលាការខេត្តកំពង់ចាម ពាក់ព័ន្ធនឹងករណីដែលបុរសនេះ បានចោទប្រកាន់មកលើអាជ្ញាធរពាក់ព័ន្ធនឹងការឈូសឆាយដីបឹងចារ នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

 

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការបញ្ជាក់ជូនសាធារណជន ជ្រាបថាមក ទល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បុរសឈ្មោះ ឌុច ភាស់ មិនមានការឃាត់ខ្លួនបញ្ចូនមកតុលាការ ខេត្តកំពង់ចាម ដូចការចោទប្រកាន់ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមនានានោះឡើយ។ សមត្ថកិច្ច មិនបានធ្វើការចោទប្រកាន់បុរសឈ្មោះ ឌុច ភាស់ នោះទេ ដោយសារបុរសរូបនេះ បានទទួលស្គាល់កំហុស របស់ខ្លួន និងបានធ្វើការសុំទោសជាសាធារណរួចហើយ។

 

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម សូមអរគុណចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មានសង្គមមួយ ចំនួនដែលបានផ្សព្វផ្សាយព័ត៌មានពិតប្រាកដហើយក៏សូមជម្រាបជូនសាធារណជនជ្រាបថា រដ្ឋបាលខេត្ត បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតលើករណីនេះ និងបានធ្វើការស្រាវជ្រាវ និងកំណត់មុខ សញ្ញាជនល្មើសពាក់ព័ន្ធការទិញ-លក់ និងឈូសឆាយដីរដ្ឋខុសច្បាប់ ទំហំ១ហិចតា ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ បានចំនួន ០២នាក់រួចហើយដែរ។ បច្ចុប្បន្ននេះសមត្ថកិច្ច កំពុងរៀបចំចងក្រងសំណុំរឿង

 

ដើម្បីអនុវត្តនិតិវិធីផ្លូវច្បាប់ជាបន្ត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន កុំមានការយល់ច្រឡំចំពោះព័ត៌មានឃាត់ ខ្លួនបុរសឈ្មោះ ឌុច ភាស់ និងសូមជៀសវាងការបង្ហោះ ឬចែករំលែកព័ត៌មានមិនពិតនេះ។

 

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជន បានជ្រាបបន្ថែមទៀតថា ករណីមាន ចម្ងល់ពាក់ព័ន្ធនឹងបទល្មើសនានានៅក្នុងខេត្តកំពង់ចាម សូមទំនាក់ទំនងមកអ្នកនាំពាក្យរដ្ឋបាលខេត្ត

 

កំពង់ចាម ឯកឧត្តម ស្រី សុភ័ក្រ្ត លេខទូរស័ព្ទ ០១១ ៨១៥ ៥៥៥៕

Leave A Reply

Your email address will not be published.