EU ចេញលិខិតសុំទោសរុស្ស៊ីក្រោយទីក្រុងម៉ូស្គូរងការវាយប្រហារដោយដ្រូន!
សហភាពអឺរ៉ុបបានអំពាវនាវឱ្យរុស្ស៊ីកុំបង្កើនជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន បើទោះបីជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃអង្គារលើទីក្រុងមូស្គូយ៉ាងចាស់ដៃក៏ដោយចុះ។ អ្នកនាំពាក្យកិច្ចការបរទេសរបស់ប្លុកEU លោក Peter Stano បានអះអាងថាលោកមិនបានដឹងព័ត៌មានលម្អិតទាំងអស់នៃឧបទ្ទវហេតុនៃការវាយប្រហារដោយដ្រូននោះទេ។
លោកថា យើងបានកត់សម្គាល់លើរបាយការណ៍ដែលអះអាងថា មានយន្តហោះគ្មានមនុស្សបើកមួយចំនួនហោះហើរលើតំបន់នៃទីក្រុងមូស្គូ។ នេះមិនមែនសម្រាប់ពួកយើងក្នុងការធ្វើអត្ថាធិប្បាយនោះទេ យើងមិនដឹងអ្វីទាំងអស់អំពីប្រភពដើម ឬអំពីព័ត៌មានលម្អិតរបស់វានោះទេ។ លោក Stano បាននិយាយបែបនេះក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែល។
មន្ត្រីរូបនេះបានបន្ថែមថា រឿងតែមួយគត់ដែលខ្ញុំអាចរំលឹក និងនិយាយឡើងវិញបានគឺការសុំទោសនិងអំពាវនាវក្នុងនាម EU ទៅកាន់ប្រទេសរុស្ស៊ី កុំឱ្យប្រើឧប្បត្តិហេតុបែបនេះជាលេសសម្រាប់ការកើនឡើងបន្ថែមទៀតនៃការឈ្លានពានខុសច្បាប់របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែនឲ្យសោះ ។
គួររម្លឹកថា ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីអភិបាលក្រុងម៉ូស្គូលោក Sergey Sobyanin បានប្រកាសកាលពីព្រឹកថ្ងៃអង្គារម្សិលមិញថាទីក្រុងនេះបានរងការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកជាច្រើន។ ឧបទ្ទវហេតុនេះត្រូវបានបញ្ជាក់ដោយក្រសួងការពារជាតិរុស្ស៊ី ដែលបានចោទប្រកាន់ទីក្រុងគៀវ ថាបានធ្វើការវាយប្រហារភេរវកម្ម។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានលើកទ្បើងថា របបក្រុងគៀវបានបើកការវាយប្រហារភេរវករជាមួយនឹងយន្តហោះគ្មានមនុស្សបើកលើគោលដៅនានាក្នុងទីក្រុងមូស្គូ។
យោងតាមមន្ត្រីរុស្ស៊ី យន្តហោះគ្មានមនុស្សបើកចំនួន ៨ គ្រឿងបានចូលរួមក្នុងការវាយឆ្មក់ ដែលទាំងអស់នេះត្រូវបានកម្ទេច ក្នុងនោះ៣គ្រឿងត្រូវបានបំផ្លាញដោយវិធានការសង្គ្រាមអេឡិចត្រូនិក ដោយបង្ខំឲ្យវាងាកចេញពីទិសដៅរបស់ពួកគេ ខណៈដែល៥គ្រឿងទៀតត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាស។ អគារលំនៅឋានមួយចំនួនរងការខូចខាតបន្តិចបន្តួច និងជនស៊ីវិលពីរនាក់បានរងរបួសស្រាល។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយថា ការវាយប្រហារនេះត្រូវបានប្រព្រឹត្តដោយទីក្រុងគៀវ ហើយបានអះអាងថា វាត្រូវបានសំដៅជាពិសេសទៅលើគោលដៅជនស៊ីវិល។ ជាមួយគ្នានេះដែរ វិមានក្រឹមឡាំងបានអះអាងថា ការវាយឆ្មក់គឺជាការប៉ុនប៉ងរបស់អ៊ុយក្រែន ដើម្បីសងសឹកចំពោះការវាយប្រហាររបស់រុស្ស៊ីនាពេលថ្មីៗនេះ លើមជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្តក្នុងទីក្រុងគៀវ។
លោកបន្តថា វាច្បាស់ណាស់ថា យើងកំពុងនិយាយអំពីការឆ្លើយតបរបស់របបក្រុងគៀវ ចំពោះការវាយប្រហារដ៏មានប្រសិទ្ធភាពរបស់យើងលើមជ្ឈមណ្ឌល ដែលជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលធ្វើការសម្រេចចិត្តរបស់របបក្រុងគៀវ។
លោកបានអះអាងថា ការវាយប្រហារកាលពីថ្ងៃអង្គារដោយដ្រូនរបស់ក្រុងគៀវ គឺបានបញ្ជាក់យ៉ាងច្បាស់ពីតម្រូវការរបស់រុស្ស៊ីដើម្បីបន្តប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែនរហូតដល់គោលដៅរបស់ខ្លួនត្រូវបានសម្រេច នោះគឺជយ័ជម្នះទាំងស្រុង៕