សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរការបោះឆ្នោត មិនដើរថយក្រោយ ព្រោះតែមួយ ឬពីរបក្សនោះទេ!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដំណើរការរៀបចំការបោះឆ្នោត មិនមានការថយក្រោយ ដោយសារតែការតវ៉ាមួយបក្សពីរបក្សនោះទេ ដែលពេលនេះ គឺមានការបោះពុម្ភសន្លឹកឆ្នោតរួចហើយ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចបានបញ្ជាក់ដូច្នេះថា «ឥឡូវគេបោះពុម្ភសន្លឹកឆ្នោតហើយ គេអត់ថយក្រោយ ដោយសារ១នាក់២នាក់ មួយបក្ស២បក្សទេ គេអត់ថយក្រោយទេ បើទោះបីជាតវ៉ាដល់ងាប់ខ្លួនទៀត ក៏គ្មាននរណាគេធ្វើដែរ សូមបងប្អូននានា ដែលគេថាជាកម្លាំងរបស់គេ សូមកុំមកជាប់គុកជាមួយ សូមប្រាប់ឱ្យហើយ»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ដែលចាប់ឆ្នោតបានលេខ១៨ ជាលេងចុងក្រោយងាយស្រួលចាំ។ សម្តេចរំលឹកថា កាលពីបោះឆ្នោតជាតិ ឆ្នាំ២០១៨ ដែលមានគណបក្ស២០ចូលរួមប្រកួតប្រជែង ក៏គណបក្សប្រជាជនកម្ពុជា ក៏ទទួលបានលេខរៀងក្រោយគេ គឺលេខ២០នេះផងដែរ។ ចំណែកឆ្នាំ២០០៨ និងឆ្នាំ២០១៣ គឺគណបក្សប្រជាជនបានលេខ៤ ពីរអាណត្តិជាប់គ្នា៕