លោក ប្រាយុទ្ធ ព្រមានបក្សឈ្នះឆ្នោត! ទាហាន និងប៉ូលិស ប្រឆាំងការធ្វើវិសោធនកម្ម ច្បាប់ប្រមាថព្រះមហាក្សត្រ !
កាលពីថ្ងៃពុធទី៣១ខែឧសភា នាយករដ្ឋមន្ត្រីផុតអាណត្តិថៃ លោក ប្រាយុទ្ធ ចាន់អូចា បានព្រមានគណបក្សចលនាឆ្ពោះទៅមុខ ប្រឆាំងនឹងការធ្វើវិសោធនកម្ម ច្បាប់ប្រមាថព្រះមហាក្សត្រ។
លោក ប្រាយុទ្ធ ប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ នៅក្រសួងការពារជាតិថា ទាហាន ប៉ូលិស និងប្រជាជនថៃជាច្រើននាក់ទៀត មិនយល់ស្របនឹងផែនការរបស់គណបក្សចលនាឆ្ពោះទៅមុខ ក្នុងការកែប្រែមាត្រា១១២ នោះទេ។
នៅពេលសួរថា តើលោកប្រឆាំងនឹងការធ្វើវិសោធនកម្មមាត្រា ១១២ ឬក៏អត់ លោក ប្រាយុទ្ធ ឆ្លើយថា “ពិតណាស់! វាត្រូវតែជាវិធីនោះ។ វាស្ថិតនៅក្នុងបេះដូងទាហាន ប៉ូលិស មន្ត្រីរាជការ និងមនុស្សជាច្រើននាក់ទៀត។ ពួកគេមិនយល់ព្រម ហើយពួកគេឆ្ងល់ថា តើហេតុអ្វីបានជាគណបក្សចលនាឆ្ពោះទៅមុខ ចង់កែប្រែច្បាប់នេះ”។
លោក ប្រាយុទ្ធ ដែលដឹកនាំរដ្ឋប្រហារក្នុងឆ្នាំ២០១៤ ហើយគ្រប់គ្រងប្រទេសថៃចាប់តាំងពីពេលនោះមក បានប្រាប់អ្នកសារព័ត៌មានថា យោធាមានផែនការកំណែទម្រង់ផ្ទាល់ខ្លួន។
លោក ប្រាយុទ្ធ ពន្យល់ថា “ដើម្បីផ្លាស់ប្តូរកងកម្លាំងប្រដាប់អាវុធ យើងត្រូវតែយកបរិបទរបស់ថៃមកពិចារណាផងដែរ។ ថៃមិនដូចប្រទេសដទៃទេ វាមិនសមស្របឡើយ ក្នុងការប្រើប្រាស់គំរូរបស់ប្រទេសដទៃ យកមកធ្វើកំណែទម្រង់យោធារបស់យើង”។
គួរបញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខ បានសន្យាក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតថា ខ្លួននឹងធ្វើវិសោធនកម្មមាត្រា១១២ ដើម្បីកុំឲ្យច្បាប់នេះ ត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយតទៅទៀត។
ប៉ុន្តែបន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតថ្ងៃទី១៤ខែឧសភា ខ្លួនបានទុកការកែប្រែមាត្រា១១២នេះ នៅក្រៅអនុស្សរណៈនៃការយោគយល់គ្នា ដែលខ្លួនបានចុះហត្ថលេខាជាមួយគណបក្សចំនួនប្រាំពីរផ្សេងទៀត ដែលជាផ្នែកនៃក្រុមចម្រុះរបស់ខ្លួន។ MoU នោះ បញ្ជាក់ថា គណបក្សចលនាឆ្ពោះទៅមុខ នឹងស្វែងរកការកែប្រែមាត្រា១១២ ដោយខ្លួនឯង។ គណបក្សក៏ប្តេជ្ញា កាត់បន្ថយទំហំយោធា និងបញ្ចប់ការរើសទាហានផងដែរ៕