អាវុធហត្ថខេត្តត្បូងឃ្មុំបង្រ្កាបរថយន្តដឹកឈើប្រភេទសុក្រំគ្មានលិខិតអនុញ្ញាតិបម្រុងលោតឆ័ត្រ!
ត្បូងឃ្មុំ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំសហការនិង កម្លាំងជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកមេមត់ បានធ្វើការបង្រ្កាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ក្នុងនោះឃាត់បានរថយន្តមួយគ្រឿង។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៣:១៥នាទីរសៀល ថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចបណ្តោយផ្លូវជាតិលេខ៧ ចំណុចភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ។
នៅវេលាម៉ោងនិងចំណុចខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ចំនួន ០៣ នាក់ រថយន្ត ០១គ្រឿង បានសហការជាមួយ កម្លាំងជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុក បង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។
ជាលទ្ធផលកម្លាំងជំនាញបង្រ្កាបបានរថយន្ត ០១ គ្រឿងម៉ាក lexus 400X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH- 6173 (អ្នកបើកបរបានរត់គេចខ្លួនបាត់) បានដឹកឈើប្រភេទសុក្រំ ១៤ដុំ ប្រវែង ២.៣ ម៉ែត្រ (មិនទាន់វាស់វែង)។
បច្ចុប្បន្ន វត្ថុតាង បានប្រគល់ឲ្យកម្លាំងជំនាញសង្កាត់រដ្ឋបាលព្រៃឈើ ដើម្បីបន្តចាត់ការតាមនិតិវិធី៕