ចិនថា ការប៉ះទង្គិចជាមួយអាមេរិកនឹងនាំមកនូវ “គ្រោះមហន្តរាយដែលពិភពលោកមិនអាចទ្រាំទ្របាន”!
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Li Shangfu បាននិយាយថា ទីក្រុងប៉េកាំងស្វែងរកការសន្ទនាលើការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិក ដោយព្រមានថាជម្លោះណាមួយរវាងប្រទេសទាំងពីរនឹងនាំមកនូវ “គ្រោះមហន្តរាយដែលមិនអាចទ្រាំទ្របានសម្រាប់ពិភពលោក” ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី កិច្ចសន្ទនា Shangri-La លោក Li បាននិយាយកាលពីថ្ងៃអាទិត្យថា ពិភពលោកមានទំហំធំល្មមសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិកដើម្បីរីកចម្រើនជាមួយគ្នា។
លោកបាននិយាយនៅក្នុងសុន្ទរកថាដែលកត់សម្គាល់សុន្ទរកថាអន្តរជាតិដ៏សំខាន់លើកដំបូងរបស់គាត់ចាប់តាំងពីគាត់ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិនៅក្នុងខែមីនាថា “ទោះបីជា ប្រទេសចិន និងសហរដ្ឋអាមេរិកមានប្រព័ន្ធផ្សេងគ្នា និងខុសគ្នានៅក្នុងវិធីជាច្រើនទៀតក៏ដោយ នេះក៏មិនគួររារាំងភាគីទាំងពីរពីការស្វែងរកមូលដ្ឋានរួម និងផលប្រយោជន៍រួម ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនោះទេ”។
លោក Li បានសង្កត់ក្លឹមសារធ្ងន់ថា«វាមិនអាចបរិយាយបានទេថាជម្លោះ ឬការប្រឈមមុខគ្នាធ្ងន់ធ្ងររវាងចិន និងអាមេរិកនឹងក្លាយជាគ្រោះមហន្តរាយធំប៉ុណ្ណាសម្រាប់ពិភពលោក»។
គួរបញ្ជាក់ថា ថ្មីៗនេះ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង មានភាពតានតឹងយ៉ាងធ្ងន់ធ្ងរ លើបញ្ហាជាច្រើន រួមទាំងតៃវ៉ាន់ដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ ជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង និងការរឹតបន្តឹងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden លើការនាំចេញបន្ទះឈីប semiconductor៕