លោក ភីថា លក់ភាគហ៊ុនក្នុងក្រុមហ៊ុន iTV ដើម្បីរួចពីការចោទប្រកាន់!
មេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP) លោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានគេរាយការណ៍ថា បានលក់ភាគហ៊ុនដែលលោកបានកាន់កាប់ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយក្នុងក្តីសង្ឃឹមថា នឹងរក្សាការប៉ុនប៉ងរបស់លោក ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ដោយសារភាគហ៊ុនត្រូវបានលក់ ក្រោយពេលដែលលោកបានដាក់ពាក្យឈរឈ្មោះក្នុងការបោះឆ្នោតថ្ងៃទី ១៤ ឧសភា ដូច្នេះ លោកពីតា ប្រហែលជានៅតែត្រូវបានដកហូតសិទ្ធិ ដោយសារការបំពានច្បាប់បោះឆ្នោត។
លោក រួងក្រៃ ឡេគីត វឌ្ឍតាណា (Ruangkrai Leekitwattana) សកម្មជននយោបាយ គឺបានដាក់ញត្តិទៅគណៈកម្មការរៀបចំការបោះឆ្នោត (EC) ឱ្យស៊ើបអង្កេតលោក ពីតា ជុំវិញភាគហ៊ុនដែលលោកកាន់កាប់ក្នុងប្រព័ន្ធផ្សព្វផ្សាយ iTV កាលពីថ្ងៃទី ១០ ឧសភា។
កាលពីថ្ងៃច័ន្ទ លោកបាននិយាយថា លោកនឹងស្នើឱ្យ EC បញ្ជាក់ថាតើលោក ពីតា ពិតជាបានលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុនមែនឬអត់។
លោកបានបន្តថា «ទោះបីលោកបានលក់ភាគហ៊ុនហើយក៏មិនមានបញ្ហាអ្វីដែរចំពោះ ករណីដែលលោកកាន់ភាគហ៊ុនមុនគាត់ដាក់ពាក្យឈរឈ្មោះក្នុងឆ្នាំ ២០១៩ និងការបោះឆ្នោតឆ្នាំនេះ»។
លោក រួងក្រៃ បានបន្ថែមដោយលើកឡើងពីមាត្រា ៩៨ នៃរដ្ឋធម្មនុញ្ញថា “ប្រសិនបើគាត់លក់ភាគហ៊ុនបន្ទាប់ពីគណបក្ស មូវ ហ្វ វ៉ើដ បានតែងតាំងគាត់ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស នោះការបំពានត្រូវបានប្រព្រឹត្តរួចហើយ” ។
មេដឹកនាំគណបក្ស (MFP) ស្ថិតនៅក្រោមការត្រួតពិនិត្យលើភាគហ៊ុនចំនួន ៤២ ០០០ ដែលលោកបានកាន់កាប់នៅក្នុង iTV ដែលជាអ្នកផ្សាយឯករាជ្យដែលបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។
នៅក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន បេក្ខជនត្រូវហាមឃាត់មិនឱ្យឈរឈ្មោះក្នុងតំណែង ប្រសិនបើគាត់កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។
លោក ភីថា បាននិយាយថាពាក្យបណ្តឹងនេះត្រូវបានដាក់ ដោយហេតុផលនយោបាយ។
ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទរំលោភច្បាប់បោះឆ្នោត លោក ភីថា នឹងត្រូវដកសិទ្ធិជាសមាជិកសភា ដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សឈ្នះឆ្នោតមួយនេះ ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់។ ក្នុងនាមជាអ្នកគ្រប់គ្រងអចលនទ្រព្យឪពុករបស់លោក លោក ភីថា បាននិយាយថា លោកបានព្យាយាមលក់ភាគហ៊ុននេះ ប៉ុន្តែមិនអាចរកអ្នកទិញបាន។
ទោះជាយ៉ាងណា លោកធ្លាប់បាននិយាយថា លោកបានពន្យល់បញ្ហានេះទៅ EC ផងដែរមុនពេលលោកស្បថចូលកាន់តំណែងក្រោយការបោះឆ្នោតឆ្នាំ ២០១៩៕