លោក ប្រាយុទ្ធ ទទួលស្គាល់ថា ខ្លួននៅសល់ឱកាសតិចតួចបំផុត ក្នុងការកាន់អំណាចមួយអាណត្តិទៀត!

0

 

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនាថា លោកមើលឃើញឱកាសតិចតួចណាស់ សម្រាប់លោកក្នុងការវិលត្រលប់ទៅកាន់អំណាចមួយអាណត្តិទៀត ។

 

លោក ប្រាយុទ្ធ បានលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីផែនការនយោបាយរបស់លោក ខណៈប្លុកដែលដឹកនាំដោយគណបក្ស ចលនាឆ្ពោះទៅមុខ កំពុងធ្វើការដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ។

 

លោកហាក់ដូចជាស្រឡាំងកាំង នៅពេលអ្នកសារព័ត៌មាន សួរអំពីលទ្ធភាពដែលថា គណបក្សតូចៗអាចតែងតាំងលោកជានាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខ ឬ ភឿថៃ មិនអាចសហការគ្នាបង្កើតរដ្ឋាភិបាលចម្រុះថ្មីបាន។

 

លោកប្រាយុទ្ធ និយាយថា “កុំគិតវែងឆ្ងាយ! លោកកំពុងផ្តោតអារម្មណ៍លើការធ្វើការ ជាផ្នែកមួយនៃរដ្ឋាភិបាលចាំផ្ទះ”។ ទន្ទឹមនោះ លោកបន្តថា លោកមិនខ្លាចការស៊ើបអង្កេត ក្រោយការផ្លាស់ប្តូរអំណាចនោះទេ។

 

គួរបញ្ជាក់ជាថ្មី គណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភាជាមួយអាសនៈ ១៥១ ខណៈបច្ចុប្បន្នសម្ព័ន្ធដែលដឹកនាំដោយបក្សមួយនេះ មានការគាំទ្រពីសមាជិកសភាចំនួន ៣១២ រូប រួមទាំងសមាជិកមកពីបក្សភឿថៃ និងក្រុមចម្រុះចំនួន ៦ ផ្សេងទៀតផងដែរ ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ សម្រាប់តំណែងនាយករដ្ឋមន្ត្រី ពោលគឺក្រុមចម្រុះត្រូវការសំឡេងចំនួន ៣៧៦៕

Leave A Reply

Your email address will not be published.