សម្ដេចតេជោ ហ៊ុន សែន ប្រាប់កម្មករ-កម្មការិនីថា គោលនយោបាយគណបក្សប្រជាជន មិនមែនឆក់កណ្តៀតឡើយ!

0

 

ខេត្តកំពង់ឆ្នាំង ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់កម្មករ-កម្មការិនីថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺភាពមានច្បាស់លាស់ ប្រាកដនិយម មិនមែនឆក់កណ្តៀត ឬគ្រាន់តែសន្យាផ្តល់ប្រាក់ឈ្នួលខ្ពស់នោះទេ តែធ្វើពិតប្រាកដ។

នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃ៨ មិថុនា សម្ដេចតេជោមានប្រសាសន៍រំលឹកថា ក្នុងខែកុម្ភៈ ឆ្នាំ១៩៩៩ វេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ជាលើកដំបូងត្រូវចាប់ផ្ដើមដែលសម្ដេចបានដឹកនាំនូវកិច្ចប្រជុំនេះដែរ ហើយ សម្ដេចបានដាក់ចេញថា បណ្ដាលរោងចក្រមួយចំនួន ត្រូវមានចេញទៅតាមបណ្ដាខេត្ត ដោយមិនអាចប្រមូលផ្ដុំរោងចក្រនៅរាជធានីភ្នំពេញឡើយ។

សម្ដេចតេជោ គូសបញ្ជាក់ថា «ដូច្នេះហើយចំណុចទាំងអស់នេះ ក្មួយអាចយល់បានថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល មិនមែនឆក់កណ្តៀត គណបក្សប្រជាជន ដឹកនាំរាជរដ្ឋាភិបាល មិនមែនគោលនយោបាយឆក់កណ្ដៀត ហើយសន្យាឲ្យប្រាក់ខែខ្ពស់នោះទេ ក៏ប៉ុន្ដែរៀបចំចក្ខុវិស័យ បានត្រឹមត្រូវ»។

សម្ដេចតេជោ បន្ដថា រហូតមកដល់ពេលនេះ ចំនួនរោងចក្រនៅខេត្តកំពង់ឆ្នាំង មានចំនួន ១៧៣រោងចក្រ សហគ្រាស ដោយមានកម្មករជាង៥ម៉ឺននាក់ ហើយក៏មានរោងចក្រ សហគ្រាស ទៅដល់បណ្ដាខេត្តនានាផងដែរ។ សម្ដេចថា រោងចក្រនៅតាមបណ្ដាខេត្តបានកាត់បន្ថយសម្ពាធ នៅរាជធានីភ្នំពេញ ជាពិសេសនោះ បង្កើនភាពងាយស្រួលរកការងារធ្វើនឹងកន្លែងផងដែរ។

សម្តេចនាយករដ្ឋមន្ដ្រីបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏បន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះ មកកាន់កម្ពុជា ជាពិសេសទៅដល់បណ្ដាខេត្ត ដើម្បីផ្ដល់ការងារដល់ប្រជាពលរដ្ឋ។

សម្តេចក៏បានណែនាំឲ្យចងក្រងជាកាតព្វកិច្ចតែម្ដង សម្រាប់សុខទុក្ខរបស់កម្មករ-កម្មការិនី ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរនេះ មានរហូតទៅដល់ ៦០ ភាគរយនៅកម្ពុជា ដូច្នេះគោលនយោបាយនេះត្រូវបន្តពង្រីកឥតឈប់ឈរ៕

Leave A Reply

Your email address will not be published.