អាមេរិកថា អ៊ីរ៉ង់កំពុងជួយរុស្ស៊ីបង្កើតរោងចក្រផលិតយន្តហោះគ្មានមនុស្សបើក!
សហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ថា បានជួយរុស្ស៊ីក្នុងការសាងសង់រោងចក្រផលិតយន្តហោះគ្មានមនុស្សបើកនៅជិតទីក្រុងមូស្គូ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរបស់ពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានលើកឡើងពីការរកឃើញរបស់ចារកម្មសហរដ្ឋអាមេរិក ដែលបង្ហាញថា អ៊ីរ៉ង់បានផ្តល់ជំនួយសម្ភារៈសម្រាប់រោងចក្រ ដែលអាចដំណើរការនៅដើមឆ្នាំក្រោយ។
ជាមួយគ្នានោះ មន្ត្រីអាមេរិកក៏បានអះអាងដែរថា អ៊ីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើករាប់រយ ប្រភេទ (UAVs) ទៅប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលជាកន្លែងការលុកលុយទ្រង់ទ្រាយធំមួយត្រូវបានចាប់ផ្តើមនៅឆ្នាំ 2022 ។
លោក Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា «ប្រទេសរុស្ស៊ីបានប្រើប្រាស់ដ្រូន UAVs របស់អ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីវាយប្រហារទីក្រុង Kyiv និងធ្វើភេរវកម្មដល់ប្រជាជនអ៊ុយក្រែន ហើយភាពជាដៃគូយោធារុស្ស៊ី-អ៊ីរ៉ង់ ហាក់ដូចជាកាន់តែស៊ីជម្រៅ»។
អ្នកពាក្យរូបនេះបន្តថា«យើងក៏មានការព្រួយបារម្ភដែរថា រុស្ស៊ីកំពុងធ្វើការជាមួយអ៊ីរ៉ង់ក្នុងការផលិត UAV របស់អ៊ីរ៉ង់ពីខាងក្នុងរុស្ស៊ីផងដែរ»។
លោក Kirby បាននិយាយថា «មន្ត្រីចារកិច្ចអាមេរិកឥឡូវនេះជឿថា រោងចក្រផលិតកំពុងត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Alabuga ចម្ងាយជាច្រើនរយម៉ាយភាគខាងកើតទីក្រុងមូស្គូ»។
គួរជម្រាបថា រុស្ស៊ី និងអ៊ីរ៉ង់ ពិតជាបានពង្រឹងភាពជាដៃគូរបស់ពួកគេក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបង្កើនការលក់អាវុធ និងស្វែងរកមធ្យោបាយដើម្បីលើសពីកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការធ្វើឱ្យប្រទេសទាំងពីរមានភាពឯកោផ្នែកសេដ្ឋកិច្ច៕