សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរម្នាក់ ត្រូវបានរំដោះពីការបោកប្រាស់របស់គណបក្សនយោបាយមួយនៅបារាំង ហើយនឹងចេញមកទម្លាយអំពើទុច្ចរិតរបស់បក្សនយោបាយនោះ ដែលបោកប្រាស់ទាំងអាជ្ញាធរបារាំងទៀត!
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កាលពីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានរំដោះប្រជាពលរដ្ឋខ្មែរម្នាក់ពីការបោកប្រាស់របស់គណបក្សនយោបាយមួយ នៅក្នុងប្រទេសបារាំង ហើយរូបគេក៏នឹងចេញវីដេអូបកអាក្រាតអំពើទុច្ចរិតរបស់គណបក្សនយោបាយនេះ ដែលបោកប្រាស់ទាំងអាជ្ញាធរបារាំងថែមទៀត។
សម្តេចតេជោ ហ៊ុន សែន មិនបានបង្ហើបនៅឡើយទេថា គណបក្សនយោបាយមួយនោះ ជាគណបក្សអ្វីឡើយ ប៉ុន្តែគេនឹងអាចដឹងបាន នៅពេលដែលប្រជាពលរដ្ឋនោះទម្លាយអំពីអំពើទុច្ចរិតគណបក្សនយោបាយនោះ នៅពេលខាងមុខ។
ថ្លែងក្នុងឱកាសឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «យើងបានឯកសារខ្លះ នឹងធ្លាយចេញ នៅពេលខាងមុខនេះ មិនយូរប៉ុន្មាន ព្រោះគាត់នៅទីនោះកំពុងធ្វើជាវីដេអូប្រកាសតែម្តង ស្តីអំពីអំពើទុច្ចរិត ហើយបោកប្រាស់អាជ្ញាធរបារាំងថែមទៀត»។
សម្តេចបានបង្ហើបថា ដោយសាររឿងនេះ សម្តេចត្រូវរង់ចាំទទួលព័ត៌មានទាំងយប់ រហូតដល់ម៉ោង២រំលងអាធ្រាត្រទើបបានសំរាន ហើយត្រូវភ្ញាក់តាំងពីព្រឹក ដើម្បីជួបជាមួយកម្មករនិយោជិតនាពេលនេះថែមទៀត៕