ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជួប សំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ!
ខេត្តកំពង់ធំ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ។
ឯកឧត្តម បណ្ឌិតបានថ្លែងថា ជំរំទ័ពទេវតា ដែលមានទ័ពស្រួចជាយុវជនសកម្មជនបក្សបានមកចូលរួមយ៉ាងច្រើនកុះករ គឺដោយសារមានបេះដូងស្រឡាញ់គាំទ្របក្ស និងជឿជាក់លើការដឹកនាំរបស់បក្ស និងការ បានឃើញជាក់ស្តែងនូវសមិទ្ធផលដែលបក្សបានខិតខំកសាងឡើងក្នុងរយៈកាលកន្លងមកនេះ ជាពិសេសទំនុកចិត្តក្នុងការផ្ញើជោគវាសនាលើការដឹកនាំរបស់បក្សទាំងសម្រាប់បច្ចុប្បន្ន និងអនាគត។
ឯកឧត្តម បណ្ឌិតបញ្ជាក់ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺអាស្រ័យនឹងកត្តា ២ យ៉ាង៖ ទី១. តួអង្គបេក្ខភាពនាយករដ្ឋមន្ត្រីជា សម្តេចតេជោ ពីព្រោះជាតួអង្គដែលប្រជាពលរដ្ឋស្គាល់ច្បាស់ និងជឿទុកចិត្ត ដោយតែងបានចងចាំក្នុងចិត្តជាប់រហូតមកថា ជាអ្នកសង្គ្រោះជីវិត, ការពារជីវិត និងរំដោះប្រទេសឱ្យរួចផុតពីសង្គ្រាម ដោយបាននាំកម្ពុជាមកកាន់ត្រើយសន្តិភាព សុភមង្គល និងការអភិវឌ្ឍលើគ្រប់វិស័យ និងទី២. គឺកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្នាដៃសមិទ្ធផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាបានកសាងជូនជាតិ និងប្រជាជន។
ឯកឧត្តមបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់ខ្ពស់លើកត្តា ៣ សំខាន់៖ ទី១.ជីវិត ដែលសំដៅដល់ការគិតគូរអំពីការសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈទាំងអស់, ទី២. ជីវភាពរស់នៅ គឺការបង្កលក្ខណៈឱ្យការរស់ចិញ្ចឹមជីវិតមានលក្ខណៈល្អប្រសើរ តាមរយៈការបើកឱកាសសម្រាប់គ្រប់ៗគ្នាដោយស្មើភាពគ្នា និងទី៣. កិត្តិយស គឺសេចក្តីថ្លៃថ្នូរក្នុងនាមជាប្រជាពលរដ្ឋទាំងជាលក្ខណៈបុគ្គល និងការកសាងស្នាដៃដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ក្នុងនាមជាយុវជនសកម្មជនបក្ស យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវភារកិច្ចសំខាន់ ៣ ដើម្បី ធានាប្រៀបឈ្នះរបស់បក្ស៖ ទី១. គាំទ្រ និងការពារបក្សគ្រប់កាលៈទេសៈ, ទី២. ចូលរួមលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីអនុវត្តគោលនយោបាយរបស់បក្សឱ្យសម្រេចតាមទិសដៅកំណត់ក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ដោយបែងចែកផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយសមធម៌ និង ទី៣. ស្គាល់ច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងនាមជាសមាជិកបក្ស៕