សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យកងទ័ពទប់ស្កាត់ឲ្យទាន់ពេលវេលារាល់និន្នាការសំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម!
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់កងទ័ពនៃកងពលតូចលេខ៧០ សហការដ៏ល្អប្រសើរជាមួយស្ថាប័នអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋតាមតំបន់ ទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការសំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធសមិទ្ធផលមួយចំនួន នៅទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្តេចបានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំសូមស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូនប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីជាតិទប់ស្កាត់ឲ្យបាននូវនិន្នាការបង្កអរិភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការសំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។ ចំណុចនេះ គឺជាកិច្ចការទទួលខុសត្រូវមួយរបស់កងយោធពលខេមរភូមិន្ទនៃយើង ពិសេសកងពលពលតូចលេខ ៧០»។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចលេខ ៧០ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវិរភាពអង់អាចក្លាហានក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិយើង។ សម្តេចបានថ្លែងអរគុណចំពោះសប្បុរសជនជាតិ-អន្តរជាតិ ដែលបានរួមគ្នាជួយឧបត្ថម្ភគាំទ្រ ដើម្បីការរីកចម្រើននៃកងពលតូចលេខ ៧០៕