រុស្ស៉ីបញ្ចេញវីដេអូរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ និងរថពាសដែក Bradley របស់អាមេរិក ដែលខ្លួនរឹបអូសបាននៅអ៊ុយក្រែន!

0

 

(មូស្គូ)៖ នៅថ្ងៃអង្គារនេះ ទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរបស់ខ្លួនរឹបអូសបានរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ ព្រមទាំងរថពាសដែក Bradley របស់សហរដ្ឋអាមេរិកចំនួនប៉ុន្មានគ្រឿង ដោយបានបញ្ចេញវីដេអូឃ្លីបបង្ហាញពីសកម្មភាពកងទ័ពរុស្ស៉ី ដើរពិនិត្យរថក្រោះនិងរថពាសដែកទាំងនោះ ក្រោយពួកវារងការខូចខាតលើសមរភូមិ។

 

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «រថក្រោះ Leopard និងរថពាសដែក Bradley… ទាំងនេះគឺជាជ័យភណ្ឌរបស់យើង។ ពួកវាជាសម្ភារយោធារបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅតំបន់ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporizhzhia)។ កងទ័ពយើង បានពិនិត្យមើលរថក្រោះនិងរថពាសដែករបស់សត្រូវ ដែលរឹបអូសបានក្នុងសមរភូមិ»។ កន្លងមក ទីក្រុងកៀវបានស្នើសុំទៅកាន់ក្រុមសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ឱ្យផ្តល់សម្ភារយោធាទំនើបៗជាច្រើនប្រភេទ រួមមានទាំងសព្វាវុធធុនធ្ងន់ ដូចជារថក្រោះ Leopard 2 ជាដើម ដើម្បីជួយកងទ័ពអ៊ុយក្រែន វាយដណ្តើមយកមកវិញ នូវទឹកដីមួយភាគធំដែលបានធ្លាក់ក្រោមការគ្រប់គ្រង របស់កងកម្លាំងរុស្ស៉ី បន្ទាប់ពីការឈ្លានពានកាលពីខែកុម្ភៈ ឆ្នាំ២០២២។

 

គួរបញ្ជាក់ថា រុស្ស៉ីបានអះអាងតាំងតែពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ អំពីការកម្ទេចរថក្រោះ Leopard ដែលផលិតដោយអាល្លឺម៉ង់ ហើយនិងរថពាសដែក Bradley ដែលផលិតដោយសហរដ្ឋអាមេរិក ជាច្រើនគ្រឿង ខណៈអ៊ុយក្រែនបានចាប់ផ្តើមប្រតិបត្តិការវាយបក ដែលគេរំពឹងទុកជាយូរមកហើយ។ អ៊ុយក្រែនបានអះអាងថា មកទល់ពេលនេះ ខ្លួនដណ្តើមបានភូមិមួយចំនួនពីដៃរុស្ស៉ីត្រឡប់មកវិញ៕

Leave A Reply

Your email address will not be published.