សមត្ថកិច្ចខេត្តកំពង់ស្ពឺ កំពុងស្រាវជ្រាវករណីជនជាប់ឃុំស្លាប់ ខណៈសាច់ញាតិសង្ស័យថា អាចជាការប្រើអំពើហិង្សា!
ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវ បន្ទាប់ពីមានករណីជនជាប់ឃុំម្នាក់ឈ្មោះ មន មឿន ភេទប្រុស អាយុ ៤២ឆ្នាំ បានស្លាប់ក្រោយពីមន្ត្រីពន្ធនាគារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានបង្ហើបឲ្យដឹងនៅរសៀលថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៣ ម្សិលមិញនេះ ។
ដោយឡែក បើយោងតាមកំណត់ហេតុសួរយកចម្លើយសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា ការស្លាប់របស់ជនជាប់ឃុំឈ្មោះ មន មឿន គឺបណ្ដាលមកពីជនជាប់ឃុំរូបនេះ រអិលជើងធ្លាក់ពីលើធ្នើដាក់អីវ៉ាន់នៅក្នុងពន្ធនាគារ គឺមិនមានការធ្វើទារុណកម្ម និងប្រើអំពើហិង្សាអ្វីឡើយ ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រុមគ្រួសារ និងសាច់ញាតិ របស់ជនជាប់ឃុំដែលបានស្លាប់ នៅពុំទាន់ទទួលយកបានឡើយ ចំពោះចម្លើយរបស់សាក្សីដែលសមត្ថកិច្ចសាកសួរនោះទេ ព្រោះពួកគាត់អះអាងថា ប្រសិនបើជនជាប់ឃុំ រអិលធ្លា.ក់ពីលើធ្នើដាក់អីវ៉ាន់ ហេតុអ្វីមាន ស្នាកស្នាម ជាំត្រង់កដៃទាំងសងខាង (ដូចជាមានការចាប់ក្រៀក), ជាំ និងហើមនៅត្រង់ដើមដៃខាងស្ដាំជាច្រើនកន្លែងដូចជាមានការវាយ, ជាំនៅលើស្មងជើងទាំងសងខាងជាច្រើនកន្លែង, ជាំនៅដើមទ្រូងរបកស្បែកជាច្រើនកន្លែង និងមានបែកបបូរមាត់ខាងលើ ផ្នែកខាងឆ្វេងថែមទៀតផង ។
ក្រុមគ្រួសារ និងសាច់ញាតិ របស់ជនជាប់ឃុំបានស្នើសុំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់មេត្តាជួយស្រាវជ្រាវករណីនេះឱ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យពួកគាត់អស់ចិត្ត និងជួយរកយុត្តិធម៌ជូនអ្នកស្លាប់ ។
គួររំលឹកថា ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៣ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ នៅភូមិធ្លាចាស់ សង្កាត់វាងពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានបញ្ជូនទៅឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៣ និងបានស្លាប់នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៣ ម្សិលមិញនេះ ។
បច្ចុប្បន្ន សពរបស់ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
យោងតាមមាត្រា ៦៤ នៃច្បាប់ស្ដីពី ពន្ធនាគារ បានចែងថា ក្នុងករណីជនជាប់ឃុំទទួលមរណៈភាពក្នុងពន្ធនាគារ ត្រូវចាត់ទុកជាការសង្ស័យ ។ មន្ត្រីពន្ធនាគារត្រូវការពារកន្លែងសាកសព និងរក្សាទុកជនជាប់ឃុំដែលអាចធ្វើជាសាក្សី ។ ប្រធានពន្ធនាគារត្រូវជូនដំណឹងទៅព្រះរាជអាជ្ញា ដើម្បីចាត់វិធានការស៊ើបអង្កេត ។ ប្រសិនបើជនជាប់ឃុំស្លាប់នៅក្នុងមន្ទីរពេទ្យ ប្រធានពន្ធនាគារត្រូវជូនដំណឹងទៅព្រះរាជអាជ្ញាបើមានការសង្ស័យ ព្រះរាជអាជ្ញាត្រូវចាត់ឱ្យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រធ្វើការពិនិត្យសាកសព ។
ពាក់ព័ន្ធករណីខាងលើនេះដែរអ្នកយកព័ត៌មានយើងទូរស័ព្ទទៅលោក ទីន សុវណ្ណនី ប្រធានពន្ធនាគាខេត្តកំពង់ស្ពឺដើម្បីសួរនាំ ប៉ុន្តែតេចូលមិនមានអ្នកលើកសោះ៕