ជនជាតិប៉ាឡេស្ទីន 5 នាក់ត្រូវបានសម្លាប់ និង 91នាក់រងរបួសក្នុងការវាយឆ្មក់ជំរុំ West Bankរបស់អ៊ីស្រាអែល!
អ្នកកាន់ទុក្ខជនជាតិប៉ាឡេស្ទីនរាប់រយនាក់បានស្រែកតវ៉ាខណៈដែលកំពុងនាំគ្នាដង្ហែរសពមនុស្សប្រាំនាក់ដែលត្រូវបានសម្លាប់ បន្ទាប់ពីយោធាអ៊ីស្រាអែលបានបើកការវាយឆ្មក់ដោយឧទ្ធម្ភាគចក្រ ទៅក្នុងជំរំជនភៀសខ្លួន Jenin នៃតំបន់ West Bank ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន 5នាក់ត្រូវបានសម្លាប់ និង 91នាក់ទៀតរងរបួស ក្នុងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនឆ្នាំបានចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីទាហានអ៊ីស្រាអែលបានសម្រុកចូលជំរំ ដោយបាញ់គ្រាប់រំសេវ គ្រាប់បែកដៃ និងឧស្ម័នពុលរួមនឹងឧទ្ធម្ភាគចក្រប្រយុទ្ធត្រូវបានគេប្រើជាលើកដំបូងក្នុងរយៈពេលរាប់ទសវត្សរ៍បន្ទាប់ពីការប្រយុទ្ធគ្នារាប់ម៉ោង។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានកំណត់អត្តសញ្ញាណជនរងគ្រោះដូចជា Ahmed Saqr អាយុ 15 ឆ្នាំ Khaled Darwish អាយុ 21 ឆ្នាំ Qassam Sariya អាយុ 19 ឆ្នាំ Qassam Faisal Abu Sirriya អាយុ 29 ឆ្នាំ និង Ahmed Daraghmeh ។
នៅឯទីបញ្ចុះសពក្នុងជំរុំ ដោយមានពិធីបុណ្យសពកំពុងដំណើរការ លោក Ibrahim បាននិយាយថា “សាច់ញាតិ និងមិត្តភក្តិកំពុងមកគោរព និងបង្ហាញពីសាមគ្គីភាពជាមួយក្រុមគ្រួសារ – ដើម្បីបង្ហាញពីទុក្ខព្រួយ បង្ហាញការខឹងសម្បារផងដែរ។
ទោះជាយ៉ាងណា យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ទាហានរបស់ខ្លួនចំនួន7 នាក់បានរងរបួសក្នុងអំឡុងពេលការវាយប្រហារ។
យោធាអ៊ីស្រាអែលបាននិយាយថា ការវាយឆ្មក់គឺដើម្បីចាប់ខ្លួនជនសង្ស័យពីរនាក់ ហើយទាហានរបស់ខ្លួនបានរងការបាញ់ប្រហារ ដែលបណ្តាលឱ្យមាន “ការបាញ់ប្រហារគ្នាដ៏ធំ”តែម្តងទៅ៕