អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ទៅឥណ្ឌូនេស៊ី ដើម្បីចូលរួមលំហាត់អាកាស!
កងទ័ពអាកាសអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H Stratofortress ទៅកាន់ប្រទេសឥណ្ឌូណេស៊ីជាលើកដំបូង ខណៈដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀត ។
សេចក្តីថ្លែងការណ៍បាននិយាយកាលពីថ្ងៃពុធថា “យន្តហោះ B-52 នៃកងអនុសេនាធំទម្លាក់គ្រាប់បែកទី២៣ បានហោះចេញពីមូលដ្ឋានទ័ពអាកាស Minot ក្នុងរដ្ឋ North Dakota និងបានមកដល់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី១៩ ខែមិថុនា ដើម្បីចូលរួមក្នុងសមយុទ្ធ Cope West ដែលនឹងបញ្ចប់នៅថ្ងៃទី២៣ ខែមិថុនា ខណៈការបណ្តុះបណ្តាលនេះ នឹងអនុញ្ញាតឲ្យអាកាសយានិករបស់អាមេរិកស្គាល់ពីកន្លែងបញ្ជាការ និងលំហអាកាសផ្សេងទៀតជាដើម” ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រសរុបចំនួន ២ គ្រឿងដែលមកដល់តាំងតែពីថ្ងៃចន្ទមកម្ល៉េះនោះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Kualanamu ដែលស្ថិតនៅលើកោះស៊ូម៉ាត្រាប្រទេសឥណ្ឌូណេស៊ី ។
ទន្ទឹមនោះ ការចុះចតរបស់យន្តហោះទម្លាក់គ្រាប់បែក B-52 នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានកើតឡើង បន្ទាប់ពីបេសកកម្មដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អាមេរិកនៅជុំវិញពិភពលោក រួមទាំងការហោះហើរលើឈូងសមុទ្រហ្វាំងឡង់ និងការពង្រាយទៅកាន់កូរ៉េខាងត្បូងកាលពីខែមីនា ។
កាលពីខែឧសភា រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto បាននិយាយថា ទីក្រុងហ្សាការតា និងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាក្នុងការរក្សាស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងបង្កើនកិច្ចសហប្រតិបត្តិការ រួមទាំងសមយុទ្ធរួម និងការផ្លាស់ប្តូរកម្លាំងយោធារួមគ្នាផងដែរ ៕