សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នការពារខ្លួន ខណៈអត្រាឆ្លងជំងឺអេដស៍កើនឡើង៣០០នាក់ ក្នុងឆ្នាំ២០២២!

0

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នក្នុងការការពារខ្លួនពីជំងឺអេសដ៍ ខណៈដែលអត្រាឆ្លងជំងឺនេះក្នុងឆ្នាំ២០២២ មានអ្នកឆ្លងថ្មីរហូតដល់១៤០០នាក់ ដែលមានការកើនឡើង ៣០០នាក់ បើធៀបនឹងឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «អេដស៍នេះក៏ដូចកូវីដដែរ ប៉ុន្តែវាធ្ងន់ជាងកូវីដ អេដស៍អត់ទាន់ចប់ទេនៅស្រុកខ្មែរ ផ្ទុយទៅវិញឆ្នាំ២០២២នេះ កើនឡើង៣០០នាក់ បើបើប្រៀបធៀបឆ្នាំ២០២១ គឺមាននិន្នាការកើនឡើង»។

ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច បានអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចបញ្ជាក់បន្ថែមថា អត្រាឆ្លងនេះកើតឡើងដោយសារអ្នកស្រលាញ់ភេទដូចគ្នា ប៉ុន្តែអ្នកដែលស្រលាញ់ភេទដូចគ្នានេះ ស្រីស្រលាញ់ស្រី មិនមែនជាបញ្ហាចោទប៉ុន្មានទេ ប៉ុន្តែអត្រាឆ្លងនេះ កើតឡើងដោយសារតែ ក្រុមស្រលាញ់ភេទដូចគ្នា ប្រុសនិងប្រុស។

សម្តេចបានបញ្ជាក់ទៀតថា កម្ពុជាមិនបានបង្កើតច្បាប់ណាមួយដើម្បីហាមប្រាមការស្រលាញ់ភេទដូចគ្នាទេ ហើយក៏មិនធ្វើច្បាប់ឱ្យមានអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នានោះដែរ ប៉ុន្តែបើពួកគេស្រលាញ់គ្នា ក៏មិនមានទោសទណ្ឌអ្វីដែរ។

«កុំភ្លេចថា នៅកម្ពុជាមិនទាន់អស់មេរោគអេដស៍ទេ ដូច្នេះសូមអ្នកទាំងអស់គ្នា កុំភ្លេចខ្លួនឱ្យសោះ មិនថាស្ត្រី និងបុរសទេ ប្រសិនបើមិនទុកចិត្តប្រើវិធីការពារទៅ និយាយឱ្យចំទៅវិធីការពារគឺស្រោមអនាម័យ»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខរាជរដឋ្ាភិបាល

ទោះជាយ៉ាងនេះក្តី សម្តេចបានអំពាវនាវឱ្យភាគីទាំងអស់ កុំមានការរើសអើងអ្នកដែលផ្ទុកមេរោគអេសដ៍។ សម្តេចក៏ជំរុញផងដែរ ប្រសិនបើនរណាម្នាក់សង្ស័យថា ខ្លួនមានផ្ទុកមេរោគអេសដ៍ ត្រូវប្រញាប់ទៅធ្វើតេស្តរកមេរោគអេសដ៍ដោយមិនគិតថ្លៃសេវា។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «អេដស៍វាធ្ងន់ជាងកូវីដ អេដស៍សម្លាប់មនុស្សវាអត់ជាទេ មិនទាន់មានប្រទេសណាមួយរកឃើញថ្នាំព្យាបាលអេដស៍ទេ គេអាចរកថ្នាំព្យាបាលកូវីដបាន វ៉ាក់សាំងព្យាបាលបាន ប៉ុន្តែរឿងអេដស៍នេះវ៉ាក់សាំងការពារអត់បានទេ ហើយក៏អត់មានថ្នាំព្យាបាលឱ្យជា ហើយអ្នកដែលមានមេរោគអេដស៍ហើយ សូមកុំចម្លងអ្នកដទៃ»៕

Leave A Reply

Your email address will not be published.