សម្តេចតេជោលើកទឹកចិត្តដល់ចៅក្រមឲ្យប្រើប្រាស់ឲ្យអស់លទ្ធភាពនូវការសម្របសម្រួលជាជាងការកាត់ក្ដី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញលើកទឹកចិត្តដល់ចៅក្រមទាំងអស់ឲ្យប្រើប្រាស់នូវការសម្របសម្រួលនៅក្នុងសំណុំរឿងក្ដីរដ្ឋប្បវេណីជាជាងការកាត់ក្ដី។ សម្ដេចថាការធ្វើបែបនេះគឺដើម្បីឲ្យកាត់បន្ថយការកក់ស្ទះសំណុំរឿងក៏ដូចជាជំរុញឲ្យមានភាពសុខដុមរមនីនៅក្នុងសង្គមផងដែរ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្មរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដោះស្រាយវិវាទតាមរយៈការសម្របសម្រួលផ្សះផ្សារគ្នានេះគឺត្រូវបានអនុញ្ញាតទាំងក្នុងសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល ហើយលទ្ធផលនៃការផ្សះផ្សារសម្របសម្រួលដោយចៅក្រមនេះមានអនុភាពអនុវត្តដូចសាលក្រមស្ថាពរផងដែរ។
សម្ដេចថា៖ «ការសម្រេចបានជោគជ័យនៃការផ្សះផ្សាយវិវាទដោយចៅក្រមនេះ នឹងជួយឲ្យការដោះស្រាយវិវាទប្រព្រឹត្តទៅបានឆាប់និងអាចទទួលយកបាន»។
បើទោះជាយ៉ាងណាការផ្សះផ្សារសម្របសម្រួលនេះគឺអាចអនុវត្តបានត្រឹមក្នុងករណីវិវាទរដ្ឋប្បវេណីប៉ុណ្ណោះ មិនមានការផ្សះផ្សារក្នុងករណីព្រហ្មទណ្ឌនោះទេ៕