សម្តេចតេជោបញ្ជាឲ្យពង្រាយសំណាញ់មេឃនៅព្រំដែនវៀតណាម !
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឲ្យពង្រាយសំណាញ់មេឃ នៅតាមព្រំដែនវៀតណាមក្នុងតំបន់ភូមិភាគទី១ ខេត្តរតនគីរី មណ្ឌលគិរី ស្ទឹងត្រែង ដើម្បីបាញ់ទម្លាក់នៅយន្តហោះគ្មានមនុស្សបើកដែលបានរំលោភចូលក្នុងដែនដីកម្ពុជា។
ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោសទៅដល់មេបញ្ជាការភូមិភាគទី១ ដែលមិនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានរំលោភចូលក្នុងដែនអាកាសកម្ពុជាកាលពីយប់មិញ។
ជាមួយគ្នានេះសម្ដេចបានបញ្ជាឲ្យអគ្គបញ្ជាការទ័ពបញ្ចេញនូវសំណាញ់មេឃ ដាក់ទាំងអស់នៅតាមព្រំដែនកម្ពុជា-វៀតណាម ធ្វើយ៉ាងណាបាញ់ឱ្យធ្លាក់នូវដ្រូនស៊ើបការណ៍នេះ។
សម្ដេចថា៖ «ចាំសួរអាឈានផ្ទាល់មើល! ម៉េចបានអ្ហែងអត់បញ្ជាឲ្យបាញ់!»។
ជាមួយគ្នានេះសម្ដេចក៏បានថ្លែងលើកទឹកចិត្តថា ប្រសិនជាមានអង្គភាពណាមួយអាចបាញ់ទម្លាក់យន្តហោះស៊ើបការនេះបាននិងផ្ដល់ថវិកាចំនួន ២០ម៉ឺនដុល្លារផងដែរ។
សម្ដេចបានលើកឡើងថា ទោះបីជាបាញ់អស់មួយលានពីរលានគ្រាប់ក៏ដោយក៏សម្ដេចហ៊ានឲ្យបាញ់ដែរ។
ជាមួយគ្នាសម្ដេចក៏បានដាក់ការសង្ស័យទៅលើក្រុមផ្ដាច់ខ្លួនវៀតណាមដែលមានទំនាក់ទំនងជាមួយនឹងទណ្ឌិត សម រង្ស៊ី ផងដែរ ដោយជឿថាការប្រើប្រាស់ដ្រូនស៊ើបការនេះមិនមែនជារបស់វៀតណាមនោះទេ។
ជាមួយគ្នានេះសម្ដេចតេជោក៏បានបញ្ជាឲ្យមានការស្វែងរកនៅកម្លាំងផ្ដាច់ខ្លួនវៀតណាមនៅក្នុងប្រទេសកម្ពុជាឲ្យឃើញផងដែរ៕