បណ្ឌិត ហ៊ុន ម៉ាណែត អបអរសាទរថ្ងៃបុណ្យ «រ៉យ៉ាហាជ្ជី» របស់បងប្អូនម៉ូស្លីមទាំងក្នុង និងក្រៅប្រទេស !
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ដែលជាថ្ងៃបុណ្យ «រ៉យ៉ាហាជ្ជី» ជាបុណ្យដ៏ធំមួយនៃប្រពៃណីទំនៀមទម្លាប់ របស់បងប្អូនឥស្លាម លោកបណ្ឌិតបានបង្ហោះសារអបអរសាទរ ជាមួយបងប្អូនឥស្លាមទាំងក្នុង និងក្រៅប្រទេស។
តាមរយៈសារបង្ហោះលើបណ្តាញសង្គមផ្លូវការ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះថា «អបអរសាទរនៃថ្ងៃរ៉យ៉ាហាជ្ជី ជូនដល់បងប្អូនម៉ូស្លីមទាំងក្នុង និងក្រៅប្រទេស សូមទទួលបាននូវរ៉ស់ម៉ាត់ ស្ទើម៉ាត់ និងប៉ារ៉ាកាត់ នៅក្នុងឱកាសនៃថ្ងៃរ៉យ៉ាហាជ្ជី ថ្ងៃទី១០ ខែហ្សូលហិរោះ ឆ្នាំ១៤៤៤មហាំម៉ាត់សករាជ ដែលត្រូវនឹងថៃ្ងព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣»។
សូមជម្រាបថា ពិធីបុណ្យហាជ្ជ ឬរ៉យ៉ាជ្ជី គឺជាសក្ការៈបូជាមួយនៅក្នុងចំណោមសក្ការៈបូជាទំាង៥ នៃសាសនាឥស្លាមទៅចំពោះអល់ឡោះ ជាម្ចាស់ដែលទ្រង់បាន បង្គាប់បញ្ជាមកលើជនមូស្លីមគ្រប់រូប។ សក្ការៈបូជាទំាង៥ នៃសាសនាឥស្លាម រួមមានការទទួលស្គាល់អល់ឡោះជាម្ចាស់ និងមហំាម៉ាត់ ជាអ្នកនំាសាររបស់ព្រះ (Shahadah), ការថ្វាយបង្គំមួយថ្ងៃយប់ប្រំាដង (Salat), ការផ្ដល់វិភាគទាន (Zakat) ការតមអាហារក្នុងខែរ៉ាម៉ាដន (Sawm) និងពិធីបុណ្យហាជនេះតែម្ដង៕