សម្តេចតេជោ ព្រមានអ្នកលេងហ្វេសប៊ុក ហាមដាច់ខាតយករឿងសន្តិសុខជាតិ មកបង្ហោះ !
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានដល់អ្នកលេង បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិ មកបង្ហោះតាមហ្វេសប៊ុក បើគ្មានបទញ្ជា និងអនុញ្ញាតពីផ្នែកយោធា។
ការព្រមានរបស់ សម្តេច នាយករដ្ឋមន្ដ្រី បែបនេះបន្ទាប់ពីមានអ្នកលេង បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានបង្ហោះថា មានដ្រូន បានហោះចូលមកដល់ក្រុងបានលុង ខេត្តរតនគិរី ដែលការពិត គឺគ្មានដ្រូនណាមួយហោះចូល ទឹកដីកម្ពុជាឡើយ។
នាឱកាសអញ្ជើញចុះជួប សំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបកស្រាយថា នៅកម្ពុជា គឺតំបន់ឆ្លងកាត់របស់យន្ដហោះច្រើនណាស់ ដូច្នេះ រឿងសន្ដិសុខជាតិ មិនមែនជារឿងតូចតាចឡើយ។
សម្ដេច គូសបញ្ជាក់ថា «ខ្ញុំ សូមផ្ដាំផ្ញើអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិ បង្ហោះតាមហ្វេសប៊ុក អត់អនុញ្ញាតទេ បើគ្មានបទបញ្ជា និងគ្មានការអនុញ្ញាតពីខាងផ្នែកយោធា មិនអាចលេងសើចទេ»។
សម្ដេចតេជោ បន្ដថា បើនៅតែមានការបង្ហោះដ្រូន ចូលទឹកដីកម្ពុជាបន្តទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស នឹងពិចារណាក្នុងសរសេរលិខិតទៅកាន់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីស្នើសុំឲ្យផ្នែកណាមួយ ជួយត្រួតពិនិត្យពីបញ្ហានេះ តើជាអំពើភេរវកម្មឬយ៉ាងណា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភ បំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាព ទឹកដីរបស់កម្ពុជា។
ក្រសួងការបរទេសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយ ការយកចិត្តទុកដាក់បំផុត ចំពោះហេតុការណ៍ដែល បានកើតឡើងប៉ុន្មានថ្ងៃមុននេះ នៅក្នុងខេត្តដាឡាក់ (Dak Lak) ប្រទេសវៀតណាម និងចាត់ទុកការវាយប្រហារដោយក្រុមប្រដាប់អាវុធខុស ច្បាប់ ទៅលើស្នាក់ការប៉ូលីស នៅក្នុងឃុំ Ea Tieu និង Ea Ktur គឺជាអំពើភេរវកម្ម ដែលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពរបស់ប្រទេសជិតខាងជាមិត្ត៕