បណ្ឌិត ហ៊ុន ម៉ាណែត៖ កត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង៤ 

0

 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា កត្តាសុខសន្តិភាព បានបង្កលក្ខណៈឱ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៤ គឺ៖ មនុស្ស ផ្លូវ ទឹក និងភ្លើង ។ ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម», រាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលបេតុងកៅស៊ូ (កៅស៊ូ AC) ប្រវែង ៤០០០ ម៉ែត្រ ទទឹងប្រវែង ៥០ ម៉ែត្រ និងបុកគ្រឹះស្ថាបនាស្ពានបេតុងអាម៉េចំនួន ២ ខ្សែ តាមបណ្តោយមហាវិថី ឈុន គង់ ស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រោមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម» រាជរដ្ឋាភិបាល តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករនៃជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។

ឯកឧត្តម បណ្ឌិតបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ គឺមានចក្ខុវិស័យវែងឆ្ងាយក្នុងការតភ្ជាប់រាជធានី-ខេត្តឱ្យរួមគ្នាតែមួយ ហើយធ្វើដំណើរវិលជុំដោយមិនបាច់បកក្រោយ ជាពិសេស ក៏ជាយន្តការនៃការភ្ជាប់សកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនកសិផលប្រកបដោយប្រសិទ្ធភាព និងចំណាយតិចបម្រើឱ្យការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាផង ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងការរួមចំណែកដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូបផង សំដៅធ្វើយ៉ាងណាឈានទៅសម្រេចចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ដែលសព្វថ្ងៃជាប្រទេសមានចំណូលមធ្យមកម្រិតទាប ឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ការលេចចេញជារូបរាងនៃសមិទ្ធផលនីមួយៗ គឺទាមទារឱ្យមានចក្ខុវិស័យ និងការរួមសហការពីគ្រប់ផ្នែក គ្រប់ជំនាញពាក់ព័ន្ធ ដូចជា ផែ្នករចនាម៉ូតស្ថាបត្យកម្ម ផ្នែកវិស្វកម្មសំណង់ និងផ្នែកគ្រប់គ្រងត្រួតពិនិត្យសុវត្ថិភាពគុណភាព។ល។ ក្នុងន័យនេះ យើងអាចធ្វើការប្រៀបប្រដូចបានថា ការរចនា និងស្ថាបនាសន្តិភាព ឱ្យលេចចេញជារូបរាងទ្បើង ដូចដែលយើងកំពុងមានសព្វថ្ងៃ ក៏មិនមែនងាយស្រួលនោះដែរ គឺកើតចេញពីគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ស្ថាបនិកសន្តិភាព គឺ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងកម្លាំងសាមគ្គីភាពរបស់ជនរួមជាតិខ្មែរទាំងអស់៕

Leave A Reply

Your email address will not be published.