ពលរដ្ឋទិញផ្ទះល្វែង របស់ក្រុមហ៊ុនបុរីវីអាយភី VIP នៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ស្នើអាជ្ញាធរឲ្យម្ចាស់បុរីលោក ហម រ៉ន និងលោក វន វណ្ណៈ ចេញមុខមកដោះស្រាយជាបន្ទាន់!

0

ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃច័ន្ទទី ៣ ខែកក្កដាឆ្នាំ២០២៣ ប្រជាពលរដ្ឋរងគ្រោះ ប្រមាណជាង ១៧០០ គ្រួសារ ដែលបានទិញផ្ទះល្វែងរបស់ក្រុមហ៊ុន បុរីវីអាយភី (VIP) ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានផ្ទុះការតវ៉ាជាថ្មីម្តងទៀត ស្នើដល់អាជ្ញាធរខេត្តព្រះសីហនុ ជួយអន្តរាគមន៍ ទាមទារឲ្យឧកញ៉ា ហម រ៉ន និងឧកញ៉ា វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន ចេញមុខមកដោះស្រាយដោយផ្ទាល់ជាមួយពួកគាត់ ពីព្រោះពួកគាត់បានបង់លុយគ្រប់ចំនួនអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្រុមហ៊ុនមិនព្រមសាងសង់ផ្ទះតាមកិច្ចសន្យានោះទេ ដោយគេចវេសម្តងហើយម្តងទៀតមិនព្រមចូលមកដោះស្រាយ។

បើតាមប្រជាពលរដ្ឋដែលជាអតិថិជន បានរៀបរាប់ឱ្យដឹងថា ពួកគាត់បានទិញផ្ទះល្វែងរបស់ក្រុមហ៊ុន បុរីវីអាយភី VIP អ្នកខ្លះបានបង់រំលោះ និងមួយចំនួនទៀតគេមានលុយបង់ផ្តាច់ ដោយមានធ្វើកិច្ចសន្យាត្រឹមត្រូជាមួយភាគីខាងក្រុមហ៊ុន។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះជាង ២ឆ្នាំមកហើយ ពួកគាត់ដែលបានទិញផ្ទះប្រមាណ ៩០ភាគរយ នៅមិនទាន់ទទួលបានផ្ទះនៅឡើយទេ ពោលគឺ នៅទីតាំងដីឃើញមានត្រឹមតែសសរបង្គោលបុកគ្រឹះក្នុងមួយទីតាំង មានចំនួន៥ ទៅ ៦ដើម និងកន្លែងខ្លះមិនទាន់មានបុកគ្រឹះនៅឡើយផង។

ម្យ៉ាងវិញទៀត ដោយសារតែអស់ជំនឿ លែងជឿទុកចិត្តលើក្រុមហ៊ុន បុរីវីអាយភី ទៀតនោះ ប្រជាពលរដ្ឋជាអតិថិជន បានស្នើសូមដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៍ និងជួយរកដំណោះស្រាយឲ្យពួកគាត់ផង ព្រោះការដែលបានលុយមកទិញផ្ទះល្វែង របស់ក្រុមហ៊ុនបុរីវីអាយភីនេះ គឺលំបាកខ្លាំងណាស់ ជាញើសជាឈាមខិតខំរកស៊ីសន្សំទុកជាយូរឆ្នាំ មិនតែប៉ុណ្ណោះខ្លះក៏បានខ្ចីបុលចងការពីធនាគារថែមទៀតផង ដោយសារតែចង់បានលំនៅដ្ឋានសមរម្យមួយសម្រាប់រស់នៅ។

ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា បើសិនជាមិនមានដំណោះស្រាយទេនោះ គឺពួកគាត់មានតែបង្ខំចិត្តនាំគ្នាឡើងមកសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីឲ្យសម្តេចទាំងធ្វេរ ជួយរកយុត្តិធម៌ឲ្យពួកគាត់។

ទាក់ទងករណីនេះ ឲ្យលោក ហម រ៉ន និងលោក វន វណ្ណៈ ដែលជាម្ចាស់ក្រុមហ៊ុន បុរីវីអាយភី (VIP) មិនអាចសុំការអត្ថាធិប្បាយបានទេ។

យ៉ាងណាម៉ិញ យោងតាមលិខិតអញ្ជើញមួយច្បាប់ចេញដោយរដ្ឋបាលខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៣ សូមអញ្ជើញប្រជាពលរដ្ឋ ដើម្បីចូលរួមប្រជុំដោះស្រាយសម្រកសម្រួលករណីវិវាទរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនបុរីវីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ ទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក លៀម សុជា ពិបាករងម៉េចគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃចន្ទទី ១០ ខែកក្កដាឆ្នាំ ២០២៣ វេលាម៉ោង ១៤:០០ នាទីរសៀល នៅសាលប្រជុំអាគារក្រុមប្រឹក្សាខេត្តជាន់ទី ១។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋជាអតិថិជនដែលរងគ្រោះ ប្រមាណជាង ១៧០០គ្រួសារ ដែលកំពុងរងភាពអយុត្តិធម៌បំផុតពីម្ចាស់ក្រុមហ៊ុនបុរីវីអាយភី ខណៈដែលពួកគាត់ លែងមានជំនឿលើក្រុមហ៊ុនទៀតហើយ។ ប៉ុន្តែពួកគាត់នៅតែជឿជាក់យ៉ាងខ្លាំងលើដំណោះស្រាយ របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលជាក្តីសង្ឃឹមចុងក្រោយតែមួយគត់ ព្រោះឯកឧត្តមប្រៀបដូចជា អាណាព្យាបាល ជាឪពុកធំ ដែលអាចជួយដោះស្រាយ និងផ្ដល់យុត្តិធម៌ដល់ពលរដ្ឋជាកូនជាចៅ។ ហើយអង្គភាពសារព័ត៌មានយើង រង់ចាំតាមដានអំពីដំណោះស្រាយរបស់អាជ្ញាធរពាក់ព័ន្ធលើករណីក្រុមហ៊ុនបុរីវីអាយភី នេះផងដែរ៕ស្វាសរ

Leave A Reply

Your email address will not be published.