ក្លឹបលីគហូឡង់ បង្ហាញការចាប់អារម្មណ៍លើខ្សែការពារបម្រុងម្នាក់របស់ Liverpool!
ម្ចាស់ជើងឯក Eredivisie Feyenoord កំពុងសម្លឹងមើលការផ្លាស់ប្តូរសម្រាប់ខ្សែការពារក្រុម Liverpool កីឡាករ Nat Phillips ដែលកំពុងស្វែងរកការផ្លាស់ប្តូរនៅរដូវក្តៅនេះ។
ខ្សែការពារវ័យ 26 ឆ្នាំរូបនេះ បានចូលរួមជាមួយ Liverpool ពី Bolton ក្នុងឆ្នាំ 2016 ហើយបានបង្ហាញខ្លួន 29 លើកអោយហង្សក្រហមចាប់តាំងពីពេលនោះមក មកមានភាពល្បីល្បាញក្នុងរដូវកាល 2020/21 នៅតំបន់ការពារ។
ចាប់តាំងពីពេលនោះមករូបគេបានតស៊ូអស់រយៈពេលជាច្រើននាទីក្រោមការដឹកនាំរបស់លោក Jurgen Klopp និងបានចំណាយពេលរដូវកាល 2021/22 ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងក្របខ័ណ្ឌ Championship ជាមួយ Bournemouth ។
ទោះជាយ៉ាងណា កិច្ចសន្យារបស់ Nat Phillips នៅ Anfield នៅតែដំណើរការរហូតដល់ឆ្នាំ 2025 ប៉ុន្តែ Liverpool សុខចិត្តទុកគាត់ទំនេរ ខណៈដែលមានការដេញថ្លៃប្រហែល 10 លានផោនលើកីឡាកររូបនេះ នេះបើយោងតាមរបាយការណ៍របស់ The Athletic ។
របាយការណ៍ដដែលនេះបញ្ជាក់ថា ក្លឹបជើងឯកហូឡង់ Feyenoord ក៏ចាប់អារម្មណ៍ក្នុងការដេញថ្លៃសម្រាប់ Phillips ហើយពួកគេនឹងក្លាយជាសំណើដ៏គួរឱ្យទាក់ទាញមួយបន្ទាប់ពីបានបញ្ចប់ចំណាត់ថ្នាក់កំពូលរបស់ហូឡង់ និងជម្រុះសម្រាប់វគ្គចែកពូលនៃក្របខ័ណ្ឌ Champions League នាពេលខាងមុខ។
គួរជម្រាបថា Phillips គឺជាកីឡាករបម្រុង ខណៈដែល ហង្សក្រហម មានកំពូលខ្សែការពារ Virgil van Dijk, Joel Matip, Ibrahima Konate និង Joe Gomez ក្នុងជួរការពារកណ្តាលក្រោមការដឹកនាំរបស់លោក Klopp ដូច្នេះគាត់អាចត្រូវបានអនុញ្ញាតឱ្យចាកចេញដោយមិនចាំបាច់ជំនួស។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះមានបទពិសោធន៍លេងបាល់ទាត់នៅទ្វីបអឺរ៉ុបបន្ទាប់ពីបានចំណាយប្រាក់ខ្ចីជើងក្នុងឆ្នាំ 2019/20 ជាមួយក្រុម Stuttgart ក្នុងក្របខ័ណ្ឌ 2.Bundesliga និងបានបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League ចំនួន 5 ដងសម្រាប់ក្រុម Liverpool ៕