ប្រធានាធិបតីប៉ារ៉ាហ្គាយជាប់ឆ្នោតនឹងដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់!

0

 

ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសប៉ារ៉ាហ្កាយ លោក សាន់ទីអាហ្គោ ប៉េណា (Santiago Pena) បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៩ ខែកក្កដានេះថាលោកផ្ទាល់នឹង បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នៅសប្ដាហ៍ក្រោយនេះ ហើយនឹងជួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ដែលលោកចាត់ទុកជាមិត្តម្នាក់ដ៏អស្ចារ្យ ដើម្បីពង្រឹងទំនាក់ទំនង ចំពេលចិនកំពុងប្រើប្រាស់អំណាចសេដ្ឋកិច្ចលួងលោមឱ្យបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តនៅសេសសល់ផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់។

 

ប៉ារ៉ាហ្កាយគឺជាប្រទេសចុងក្រោយគេក្នុងតំបន់អាមេរិកខាងត្បូង ដែលមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ បន្ទាប់ពីប្រទេសដទៃទៀតក្នុងតំបន់ដូចជាហុងឌូរ៉ាស បានផ្ដាច់ ទំនាក់ទំនងជាទីក្រុងតៃប៉ិ ងាកទៅរកចិនវិញនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្ន តៃវ៉ាន់មានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសចំនួន១៣ប៉ុណ្ណោះ នៅលើ ពិភពលោក ហើយភាគច្រើននៃប្រទេសទាំងនេះទៀតសោត សុទ្ធសឹងតែជាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាមេរិកកណ្ដាល ការីបៀន (Caribbean)និងប៉ាស៊ីហ្វិក។

 

លោក សាន់ទីអាហ្គោ ប៉េណា ដែលនឹងត្រូវស្បថឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប៉ារ៉ាហ្កាយ នៅថ្ងៃទី១៥ ខែសីហា ក្រោយទទួលបានជ័យជម្នះក្នុងការបោះឆ្នោត សកលកាលពីចុងខែមេសាកន្លងទៅ បានបញ្ជាក់លើគណនី Twitter របស់លោកថាលោកនឹងបំពេញទស្សកិច្ចទៅកាន់ទីក្រុង អាប៊ូ ដាប៊ី ហើយក្រោយមកទើបលោក ធ្វើដំណើរទៅតៃវ៉ាន់ ដើម្បីជួបលោកស្រី Tsai។

 

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសតៃវ៉ាន់ ដំណើរទស្សនកិច្ចរបស់លោក ប៉េណា នឹងត្រូវធ្វើឡើងពីថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ រហូតដល់ថ្ងៃអាទិត្យ ហើយលោកនឹង ត្រូវចូលរួមផងដែរ ក្នុងពិធីប្រារព្ធខួបលើកទី៦៦ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងតៃវ៉ាន់ និងប៉ារ៉ាហ្កាយ នៅថ្ងៃពុធ។ ប៉ុន្តែ ការបំពេញទស្សនកិច្ចបែបនេះជារឿយតែងតែ បង្កការខឹងសម្បារដល់ចិន ដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ៕

Leave A Reply

Your email address will not be published.