ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងប្រគល់ប័ណ្ណសរសេីរ លិខិតសរសេីរ ជូនមន្រ្ដីនគរបាលជាតិ
(ខេត្តត្បូងឃ្មុំ) ៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២
លោកឧត្ដមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ និងប្រគល់ប័ណ្ណសរសេីរ លិខិតសរសេីរ ជូនមន្រ្ដីនគរបាលជាតិចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ លោកនាយ-នាយរងការិយាល័យ និងពលនគរបាលចំណុះស្នងការដ្ឋានផងដែរ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ផ្តាំផ្ញើដល់ មន្ត្រីនគរបាលទាំងអស់ ដែលទើបទទួលតំណែង និងតម្លើងឋានន្តរស័ក្តិ ព្រមទាំងទទួលបានលិខិតសរសើរ ត្រូវខិតខំបំពេញភារកិច្ច ដែលថ្នាក់លើ ប្រគល់ជូន អនុវត្តតួនាទីភារកិច្ចតាមឋានានុក្រម ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ ។ ការប្រកាសតែងតាំង និងតម្លើងឋានន្តរស័ក្តិដោយសារការខិតខំប្រឹងប្រែងបំរើការងារ មិនខ្លាចនឿយហត់កន្លងមក រីឯអ្នកមិនទាន់បានតែងតាំង និងបំពាក់ឋានន្តរស័ក្តិ គឺថ្នាក់លើនឹងរៀបចំជូនពេលក្រោយ ។
ជាងនេះទៅទៀត សូមឱ្យនគរបាលទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងល្អជាមួយមន្ទីរអង្គភាព ស្ថាប័នផ្សេងៗ ពិសេសបងប្អូនប្រជាពលរដ្ឋ ហើយបន្ដខិតខំអនុវត្តគោលនយោបាយភូមិ-សង្កាត់-ឃុំ មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ហើយសូម “អរគុណសន្តិភាព” ដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃ ៕