កម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរីកំពុងតាមចាប់ខ្លួនឈ្មោះ រស់ ពុទ្ធា ហៅក្របីក្រោយបាញ់ស្ដ្រីម្នាក់បណ្ដាលឱ្យររបួសធ្ងន់ !
ខេត្តមណ្ឌលគិរី ៖ បច្ចុប្បន្នស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កំពុងសហការយ៉ាងដិតដល់ ជាមួយសមត្ថកិច្ច ក្នុងការអនុវត្តនីតិវិធី។
តាមចាប់ខ្លួនឈ្មោះ រស់ ពុទ្ធា ហៅ(ក្របី) បន្ទាប់ពីជននេះផឹកស៊ីស្រវឹង បាញ់ស្ដ្រីម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ បៀមគ្រាប់ក្នុងខ្លួន។
នេះបើយោងតាម សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះកាលបរិច្ឆេទ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បានបញ្ជាក់ថាអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលបណ្ដឹងពីជនរងគ្រោះផ្ទាល់ផង និងទទួលបានសំណុំរឿង ពីស្នងការខេត្តមណ្ឌលគិរីផង ដើម្បីចាត់បន្តតាមនីតិវិធី។
អ្នកនាំពាក្យអយ្យការ បញ្ជាក់ទៀតថាៈករណីខាងលើ ស្ថាប័នអយ្យការ បានចេញដីកាបញ្ជាឱ្យចូលខ្លួនរួចហើយ។ ដើម្បីឱ្យសមត្ថកិច្ច មានមូលដ្ឋានក្នុងការ នាំខ្លួនឬ(ចាប់ខ្លួន)ឈ្មោះ រស់ ពុទ្ធា ហៅ(ក្របី) យកមកទទួលខុសត្រូវចំពោះមុខច្បាប់
ក៏ដូចជាផ្ដល់យុត្តិធម៌ ដល់ជនរងគ្រោះ។
ខណៈបច្ចុប្បន្នឈ្មោះ រស់ ពុទ្ធា ហៅ (ក្របី) កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ច ក៏កំពុងស្វែងរកចាប់ខ្លួនផងដែរ។
សូមជម្រាបថា ករណីបាញ់ប្រហារនេះបានកើតឡើង នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។
ជនរងគ្រោះ ដែលរងការបាញ់ប្រហារឈ្មោះ ចន សុវណ្ណណេត (ហៅហ្សា) ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បានរបួសត្រូវគ្រាប់ ត្រង់ចំណុចដេីមដោះខាងស្ដាំ ដោយក្បាលគ្រាប់បៀមជាប់ នៅក្រោមស្លាបប្រចៀវ បញ្ឆិតដេីមដៃ។
រីឯខ្មាន់កាំភ្លើងខាងលើឈ្មោះ រស់ ពុទ្ធា (ហៅក្របី) ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងរត់គេចខ្លួន។
បើតាមសេចក្ដីរាយការណ៍បានឱ្យដឹងថាៈ នៅមុនកើតហេតុ ជនរងគ្រោះនិងខ្មាន់កាំភ្លើង រួមនិងបក្ខពួក២នាក់ទៀត បាននាំគ្នាផឹកស៊ី លុះដល់ យប់ជ្រៅស្រវឹងរៀងខ្លួនក៏កើតជាទំនាស់ពាក្យសម្ដី ហើយខ្មាន់កាំភ្លើង រហ្សនាម”ក្របី”បានប្រើកាំភ្លើងខ្លី បាញ់បណ្ដាលឱ្យត្រូវនារី រងគ្រោះ របួសធ្ងន់តែម្ដងទៅ ក្រោយកើតហេតុបក្ខពួក”ក្របី”បានដឹកជនរងគ្រោះ ទៅទុកនៅមន្ទីរពេទ្យ ដោយស្មានថាៈ នាងស្លាប់។
ជុំវិញករណីនេះ មហាជនទូទៅក៏ដូចជាមន្ត្រីរាជការ នៅភូមិភាគឥឦសាន ពិតជាបានស្គាល់ និងខ្លាចរអារជាខ្លាំងចំពោះបុរស.មុខកាចមាឌធំ.ដែលមាន រហ្សនាម”ក្របី”ព្រោះគាត់ជាមនុស្សសាហាវព្រៃផ្សៃបំផុត។ ដោយតែងតែ ធ្វើសកម្មភាពដើរបាញ់បោះសេរី ជាញឹកញាប់ គំរាមកំហែងសំឡុត ទៅលើអ្នកទន់ខ្សោយ ដែលប្រឆាំងឬមិនស្ដាប់បង្គាប់ខ្លួន។
ជាពិសេសនៅពេលផឹកស៊ីស្រវឹង”ក្របី”នឹងប្រើអាវុធ បាញ់ប៉ងសម្លាប់អ្នកនៅក្បែរគាត់ ឬដៃគូទំនាស់ជាបន្តបន្ទាប់ ដូចបាញ់.ចាប.អញ្ចឹង ដោយគ្មានខ្លាចញញើតច្បាប់ទម្លាប់កម្ពុជា សោះឡើយ កត្តាទាំងនេះហើយ ទើបសមត្ថកិច្ចមួយចំនួនរួញខ្លួន មិនសូវហ៊ានអនុវត្តច្បាប់ ដោយចេញមុខមាត់នោះទេ ព្រោះ”ក្របី”មានខ្នងបង្អែករឹងមាំ។ ដោយខ្លាចថាៈ បើចាប់”ក្របី”ដាក់គុកមិនយូឡើយនឹងចេញមកវិញ
ហើយពេលចេញមកវិញ អ្នកចាប់ អាចប្រឈមនឹងមានគ្រោះធំ។
ជាក់ស្ដែង! កាលពីកំឡុងឆ្នាំ២០២១”ក្របី”ប្រើកាំភ្លើងម៉ាក វ៉ាន់ឡុង បាញ់មន្ត្រីប៉ូលិសម្នាក់ បណ្ដាលឱ្យរបួសធ្ងន់ ប៉ុន្តែមិនជាប់គុកហើយមានសេរីភាព ដើរផឹកស៊ីពេញលេញទៀតផង។ លុះដល់លើកនេះទៀត ប្រជាពលរដ្ឋសង្ឃឹមថា សមត្ថកិច្ច នឹងតាមចាប់ខ្លួនរហ្សនាម”ក្របី”បានជាក់ជាមិនខានឡើយ៕