ទីបំផុត គ្រាប់បែកចង្កោមអាមេរិក ទៅដល់ដៃ អ៊ុយក្រែន ហើយ!

0

 

ឧត្តមសេនីយ៍អ៊ុយក្រែនលោក Aleksandr Tarnavsky បានប្រាប់បណ្តាញព័ត៌មានសហរដ្ឋអាមេរិក CNN កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដាថា “ទីក្រុងកៀវទទួលបានគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិកហើយ ប៉ុន្តែយើងមិនទាន់ប្រើវានៅឡើយទេ ខណៈគ្រាប់បែកប្រភេទនេះ អាចនឹងផ្លាស់ប្តូរស្ថានការណ៍នៅសមរភូមិផងដែរ”។

 

គ្រាប់បែកចង្កោម អាចបញ្ចេញមីនរាប់សិបគ្រាប់ បាចសាចទៅលើតំបន់ធំមួយ ហើយគ្រាប់បែកមួយចំនួន មិនផ្ទុះភ្លាមៗនោះទេ ប៉ុន្តែវាអាចសម្លាប់មនុស្ស ឬបណ្តាលឲ្យពិការ នៅប៉ុន្មានឆ្នាំបន្ទាប់ពីការដាក់ពង្រាយ ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសជាង១០០ រួមទាំងសមាជិកណាតូជាច្រើនផងដែរ បានហាមឃាត់ការផលិត និងការប្រើប្រាស់របស់ពួកគេ។

 

លើសពីនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានព្រមានប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន។ HRW និយាយថា “ការបញ្ជូនសព្វាវុធទាំងនេះ នឹងបង្កឲ្យមានការឈឺចាប់រយៈពេលវែងដោយចៀសមិនរួចសម្រាប់ជនស៊ីវិល និងធ្វើឲ្យអន្តរាយដល់ការប្រើប្រាស់របស់ពួកគេជាអន្តរជាតិ”។

 

ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Anatoly Antonov បាននិយាយកាលពីថ្ងៃសៅរ៍ទី៨ខែកក្កដាថា សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដាក់បញ្ចូលគ្រាប់បែកចង្កោមនៅក្នុងកញ្ចប់ជំនួយយោធាចុងក្រោយបំផុតរបស់ខ្លួន ដល់ទីក្រុងកៀវ គឺជាការទទួលស្គាល់បរាជ័យ និងជាការប៉ុនប៉ងអស់សង្ឃឹម ដើម្បីទប់ទល់បរាជ័យ។

 

លោក Antonov ប្រាប់អ្នកយកព័ត៌មានថា “គ្រាប់បែកចង្កោមគឺជាកាយវិការនៃភាពអស់សង្ឃឹម ហើយវិធានការបែបនេះ បង្ហាញពីការដឹងខ្លួនរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ថា ពួកគេអសមត្ថភាព ។ យ៉ាងណាក្តី ពួកគេមិនចង់ទទួលស្គាល់ភាពបរាជ័យដោយផ្ទាល់នោះទេ ដូច្នេះហើយ ទើបពួកគេនាំគ្នាប្រព្រឹត្តអំពើដ៏ឆ្កួតលីលាសាជាថ្មីនេះ ”៕

Leave A Reply

Your email address will not be published.