កូរ៉េខាងជើង ប្រាប់ UN ថាការធ្វើតេស្ដមីស៊ីល គឺជាការអនុវត្តសិទ្ធិស្វ័យការពារខ្លួនតែប៉ុណ្ណោះ!
តំណាងពិសេសកូរ៉េខាងជើង ប្រចាំអង្គការសហប្រជាជាតិ បានថ្លែងការពារការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដោយហៅថាជាអនុវត្តសិទ្ធិ ស្វ័យការពារខ្លួនតែប៉ុណ្ណោះ ដើម្បីកំញើញទប់ស្កាត់សកម្មភាពយោធាដ៏គ្រោះថ្នាក់របស់កម្លាំងបច្ចាមិត្ត និងការពារសន្តិសុខជាតិ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ១៥ប្រទេស បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីកូរ៉េខាងជើងកាលពីថ្ងៃពុធ បាន អះអាងថាខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើឥន្ធនៈរឹងឈ្មោះ Hwasong-18។ ថ្លែងនាឱកាសមានវត្តមានដ៏កម្រ ទៅកាន់ ក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ UN លោក Kim Song បានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងទាត់ចោលទាំងស្រុង និងថ្កោលទោស ការកោះប្រជុំ ក្រុមប្រឹក្សាសន្តិសុខស្នើឡើងដោយសហរដ្ឋអាមេរិក និងអ្នកហែរហមរបស់ពួកគេ»។
គួរបញ្ជាក់ថា នេះគឺជារឿងកម្របំផុតដែលតំណាងពិសេសកូរ៉េខាងជើង ចេញមុខការពារការធ្វើតេស្ដមីស៊ីលនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយ ការបង្ហាញខ្លួនលើកចុងក្រោយបំផុត ដើម្បីការពារកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០១៧៕