លោក ប្រាយុទ្ធ ចាប់ផ្ដើមរើអីវ៉ាន់ចេញពីវិមានរដ្ឋាភិបាល!

0

 

នាយករដ្ឋមន្ត្រីចាំផ្ទះថៃលោក ប្រាយុទ្ធ ចាន់អូចា បានចាប់ផ្ដើមរៀបចំរើឥវ៉ាន់ចេញពីវិមានរដ្ឋាភិបាលហើយ ហើយលោកក៏កំពុងរង់ចាំប្រគល់ការងារកំពូលៗទៅឲ្យនាយករដ្ឋមន្ត្រីថ្មីផងដែរ ។

 

ប្រភពពត៌មានច្បាស់ការណ៍បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកឧត្តមសេនីយ ប្រាយុទ្ធ បានរើអីវ៉ាន់ផ្ទាល់ខ្លួនរបស់លោកត្រឡប់ទៅផ្ទះបណ្ដើរៗហើយ ហើយមានតែរបស់របរចាំបាច់សម្រាប់ការបំពេញការងារប៉ុណ្ណោះដែលត្រូវបានទុកនៅក្នុងការិយាល័យរបស់លោក ។

ប្រភពបានឲ្យដឹងទៀតថា ក្រុមការងាររបស់លោក ប្រាយុទ្ធ បានដាក់សៀវភៅ ក៏ដូចជាឯកសារផ្សេងៗចូលទៅក្នុងកេសក្រដាសចំនួន ៤ ទៅ ៥ កេស ដើម្បីដឹកជញ្ជូនបណ្ដើរៗត្រឡប់ទៅផ្ទះរបស់លោក” ។

 

ទន្ទឹមនោះ ការរើអីវ៉ាន់របស់លោកនាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះក៏បានកើតឡើង បន្ទាប់ពីលោកបានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ និងលាលែងពីតំណែងជាសមាជិកគណបក្សថៃរួបរួមជាតិ កាលពីដើមសប្ដាហ៍ ក្រោយបរាជ័យក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ។

 

ទោះយ៉ាងណា លោក ប្រាយុទ្ធ នឹងនៅតែជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ក្រោយពេលដែលមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយដើម្បីក្លាយជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតជុំទី១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែលោក ភីថា នៅរង់ចាំការបោះឆ្នោតជុំបន្ទាប់នាថ្ងៃទី១៨ ខែកក្កដានេះ ។

គួរបញ្ជាក់ថា ក្រៅពីលោក ប្រាយុទ្ធ ក៏មានលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល Anutin Charnvirakul និងលោកឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan សុទ្ធតែរើអីវ៉ាន់ផ្ទាល់ខ្លួនចេញពីការិយាល័យនៅក្នុងវិមានរដ្ឋាភិបាល ៕

Leave A Reply

Your email address will not be published.