មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌៖ ការញុះញង់ ឬរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់!
ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបញ្ជាក់ថា យោងតាមមាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។
ឯកឧត្តមលើកឡើងដូចនេះលើបណ្តាញសង្គមលោក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដោយថាអំពើល្មើសខាងលើនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោសដោយស្ថាប័នមានសមត្ថកិច្ច។
ឯកឧត្តមបានឱ្យដឹងថា ការផ្តន្ទាទោសដោយស្ថាប័នមានសមត្ថកិច្ចរួមមាន ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ សម្រេចអំពីការពិន័យ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោត។ ចំពោះស្ថាប័នតុលាការគឺសម្រេចអំពីទោសព្រហ្មទណ្ឌ ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ។
ជាមួយគ្នានេះ ស្ថាប័នអនុវត្តច្បាប់ បាននឹងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ទាំងនេះហើយ។ លោកអំពាវនាវប្រជាពលរដ្ឋ កុំចូលរួមអនុវត្តតាមផែនការខុសច្បាប់នេះ។
គួរឱ្យដឹងដែរថា ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ពិន័យប្រាក់ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ២៥ឆ្នាំ ដែលជាមេក្លោងដែលដឹកនាំសកម្មភាពល្មើសច្បាប់ “ណែនាំ និងញុះញង់អោយអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត”៕