រុស្ស៊ីអះអាងថា ខ្លួនបានរារាំងការវាយប្រហារដោយដ្រូនលើទីក្រុងមូស្គូ !
រុស្ស៊ីកាលពីថ្ងៃចន្ទបានអះអាងថា ខ្លួនបានរារាំងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនពេញមួយយប់មកលើទីក្រុងមូស្គូ និងឧបទ្វីបគ្រីមៀ ដែលខ្លួនបានបញ្ចូលក្នុងឆ្នាំ ២០១៤។
នៅក្នុងសេចក្តីថ្លែងការណ៍ដំបូង ក្រសួងការពារជាតិបាននិយាយថា “តាមរយៈសង្គ្រាមអេឡិចត្រូនិក ដ្រូនពិឃាដ UAVs អ៊ុយក្រែនពីរគ្រឿង (ឆ្លងកាត់ទីក្រុងម៉ូស្គូ) ត្រូវបានស្ទាក់ចាប់” ដោយបន្ថែមថា មិនមានអ្នកស្លាប់និងរបួសនោះទេ។
អភិបាលក្រុងមូស្គូលោក Sergey Sobyanin បាននិយាយនៅលើ Telegram ថា ការវាយប្រហារបានកើតឡើងនៅម៉ោងប្រហែល 4 ទៀបភ្លឺ (0100GMT) លើអគារលំនៅដ្ឋានចំនួនពីរ។ ប៉ុន្តែមិនមានការខូចខាតធ្ងន់ធ្ងរ ឬរបួសនោះទេ។
សេចក្តីថ្លែងការណ៍បាននិយាយថា UAVs អ៊ុយក្រែនចំនួន 14 ត្រូវបានបង្ក្រាបដោយសង្គ្រាមអេឡិចត្រូនិច ដែលក្នុងនោះយន្តហោះគ្មានមនុស្សបើកចំនួន 11 គ្រឿងបានធ្លាក់នៅសមុទ្រខ្មៅ ហើយ 3 គ្រឿងទៀតបានធ្លាក់នៅលើទឹកដីនៃឧបទ្វីបគ្រីមៀ” ។
ទោះជាយ៉ាងណា បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនេះ ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយដោយពណ៌នាអំពីការវាយប្រហារនេះថាជា “ការប្រើប្រាស់វិធីសាស្រ្តភេរវនិយមមួយផ្សេងទៀតដោយមេដឹកនាំនយោបាយ-យោធារបស់អ៊ុយក្រែន”៕