ធ្លាក់យន្តហោះពន្លត់អគ្គីភ័យស្លាប់ពីឡុតពីរនាក់នៅប្រទេសក្រិក!

0

 

អាកាសយានិកកងទ័ពអាកាសក្រិកពីរនាក់បានស្លាប់ បន្ទាប់ពីយន្តហោះទម្លាក់ទឹករបស់ពួកគេបានធ្លាក់ ខណៈកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅលើកោះ Evia ។

 

កងកម្លាំងអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ពួកគេដែលជាយន្តហោះកាណាដា អ៊ែរ CL-215 បានធ្លាក់នៅម៉ោង 2:52 រសៀល (11:52 GMT) ក្នុងអំឡុងពេលប្រតិបត្តិការពន្លត់អគ្គីភ័យនៅទីក្រុង Platanistos កាលពីថ្ងៃអង្គារ។

 

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានកំណត់ថា កាពីទែនយន្តហោះអាយុ ៣៤ ឆ្នាំ និងសហអ្នកបើកបរអាយុ ២៧ ឆ្នាំ បានស្លាប់ទាំងពីរនាក់។

 

ក្រសួងការពារជាតិក្រិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវកាន់ទុក្ខរយៈពេលបីថ្ងៃ ដើម្បីគោរពចំពោះការបាត់បង់អាយុជីវិត ក្នុងជួរកាតព្វកិច្ចរបស់មន្រ្តីកងទ័ពអាកាស និងអ្នកបើកយន្តហោះពន្លត់អគ្គីភ័យ CL-215 ដែលប្រតិបត្តិការនៅ Evia»។

 

គួរជម្រាបថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលប្រទេសក្រិចបានប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅលើរណសិរ្សសំខាន់ៗចំនួនបី រួមទាំងកោះទេសចរណ៍ Rhodes និង Corfu ហើយភ្លើងផ្សេងទៀតបានឆាបឆេះចំពេលមានរលកកំដៅនៅទូទាំងតំបន់មេឌីទែរ៉ាណេ ដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសអាល់ហ្សេរី៕

Leave A Reply

Your email address will not be published.