កាប៉ាល់ដឹករថយន្តជិត ៣០០០គ្រឿងបានផ្ទុះឆេះ នៅសមុទ្រហូឡង់!
AP: ឆ្មាំឆ្នេរសមុទ្រហូឡង់បាននិយាយថា អគ្គីភ័យនៅលើកប៉ាល់ដឹកទំនិញដែលផ្ទុករថយន្តជិត ៣០០០ គ្រឿងបានកំពុងឆេះអស់ កាលពីថ្ងៃពុធនៅក្នុងសមុទ្រខាងជើង ដោយបានសម្លាប់សមាជិកនាវិកម្នាក់ និងមនុស្សផ្សេងទៀតរងរបួស។
អគ្គិភ័យលើកប៉ាល់ដឹកទំនិញនេះ ឆ្មាំសមុទ្រហូឡង់ព្រមានថា ភ្លើងអាចបន្តឆាបឆេះរយៈពេលច្រើនថ្ងៃទៀត។
អគ្គិភ័យបានចាប់ផ្តើមកាលពីយប់ថ្ងៃអង្គារទី២៥ខែកក្កដា លើកប៉ាល់ Fremantle Highway ប្រវែង១៩៩ម៉ែត្រដែលចុះបញ្ជីនៅប៉ាណាម៉ា។ ហេតុការណ៍កើតឡើង ខណៈកប៉ាល់ធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ ទៅអេហ្ស៊ីប ហើយសមាជិកនាវិកជាច្រើននាក់ ត្រូវបង្ខំចិត្តលោតចុះពីកប៉ាល់ ដើម្បីគេចពីភ្លើងឆេះ។
ភ្លាមៗនោះ ម្ចាស់កប៉ាល់បានដាក់ការសង្ស័យថា រថយន្តអគ្គិសនីដែលមានប្រហែល២៥គ្រឿងនៅលើនោះ អាចជាដើមចម បណ្តាលឲ្យអគ្គិភ័យកើតឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Shoei Kisen Kaisha Ltd និយាយថា “ឥឡូវនេះយើងកំពុងព្យាយាមពន្លត់ភ្លើង ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាននៃប្រទេសហូឡង់ ទូកសង្គ្រោះ និងក្រុមហ៊ុនគ្រប់គ្រងកប៉ាល់”។
ស្របពេលជាមួយគ្នានោះ កាសែតប្រចាំថ្ងៃ De Telegraaf បានចុះផ្សាយថា ប្រសិនបើអគ្គិភ័យនៅលើកប៉ាល់ Fremantle Highway មិនត្រូវបានពន្លត់ទាន់ពេលទេនោះ កប៉ាល់នឹងលិច ហើយក្លាយជាគ្រោះមហន្តរាយធំបំផុត សម្រាប់អ្នកបញ្ជាទិញទំនិញ។
គួរបញ្ជាក់ថា អគ្គិភ័យនេះ គឺជាហេតុការណ៍ចុងក្រោយមួយទៀតដែលកើតឡើងលើកប៉ាល់ដឹករថយន្ត។ កាលពីដើមខែនេះ អ្នកពន្លត់អគ្គិភ័យនៅរដ្ឋ New Jersey ២នាក់បានស្លាប់ និង ៥នាក់ទៀតរងរបួស ខណៈព្យាយាមពន្លត់ភ្លើងនៅលើកប៉ាល់ ដែលដឹកយានយន្តរាប់រយគ្រឿង ហើយអគ្គិភ័យមួយទៀត បានបំផ្លាញរថយន្តស៊េរីទំនើបៗរាប់ពាន់គ្រឿងនៅលើកប៉ាល់ ក្នុងសមុទ្រជិតកោះ Azores របស់ប្រទេសព័រទុយហ្គាល់ កាលពីខែកុម្ភៈឆ្នាំមុន៕