ឯកឧត្ដម អ៊ុន ចាន់ដា ៖ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចេះស្រឡាញ់ ថែទាំ និងដាំដើមឈើ ឱ្យបានមួយដើម ក្នុងមួយគ្រួសារ!
កំពង់ចាម ៖ ថ្លែងនៅក្នុងឱកាស នៃការប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ដែលបានរៀបចំឡើង នៅបរិវេណអនុវិទ្យាល័យអន្លង់អក ស្ថិតនៅក្នុងភូមិអន្លង់អកកើត ឃុំសូគង ស្រុកកងមាស នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានបំផុសឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចេះស្រឡាញ់ ថែទាំ និងដាំដើមឈើ ឱ្យបានមួយដើម ក្នុងមួយគ្រួសារ ដើម្បី អភិវឌ្ឍន៍វិស័យព្រៃឈើ ឲ្យបានគ្រប់តំបន់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ។
ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ព្រៃឈើជាសម្បត្តិធម្មជាតិ ដ៏មានសារៈសំខាន់ ក្នុងការរក្សានូវលំនឹងបរិស្ថានច្រើន ដូចជា រក្សានិយតកម្មប្រភពទឹក ការពារទីជម្រាល ការពារការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្ដល់ផល អនុផលព្រៃឈើ សម្រាប់ប្រើប្រាស់ រក្សាជីវចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាទីជម្រក ដ៏សុខសាន្ដ ចំពោះ សត្វគ្រប់ប្រភេទ ដែលមានជីវិត នៅលើភពផែនដីយើងនេះ ។ យ៉ាងណាមិញ ការបាត់បង់ព្រៃឈើ វានឹងក្លាយជាបញ្ហា ដែលបង្កឲ្យដីបាត់បង់ជីជាតិ និងងាយកើតមានឡើង នូវគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម ។ ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា សកម្មភាព នៃការកាប់ឆ្ការ រានទន្ទ្រានយកដីព្រៃឈើ ព្រៃលិចទឹក ដែលជាជម្រកមច្ឆាជាតិ ដើម្បី ដាំដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗ ដោយមិនបានពិចារណាវែងឆ្ងាយ និងពុំអនុវត្តទៅតាមក្បួនខ្នា បច្ចេកទេស ជាហេតុចម្បង នាំឲ្យវិនាសហិនហោចធនធានធម្មជាតិ បាត់បង់មុខងារព្រៃឈើ ដែលមានប្រយោជន៍មួយចំនួន ដូចបានរៀបរាប់ខាងលើ ។ ដូច្នេះ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ ពីគ្រប់ភាគីទាំងអស់ ជាពិសេស ប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់ សម្រាប់កិច្ចសហការ ក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ នៅតាមវត្តអារាម សាលារៀន សួនច្បារ ពីព្រោះថា មានដើមឈើច្រើន នោះវានឹងធ្វើឲ្យក្លាយទៅជាទីរម្មណីយដ្ឋាន ឬក្លាយជាតំបន់ទេសចរណ៍ រីឯសាលារៀនមានទីធ្លាប្រកបដោយម្លប់ត្រឈឹងត្រឈៃ ជាទីមនោរម សម្រាប់សិស្សានុសិស្សសម្រាក រៀនសូត្រ និងលេងកំសាន្ត ថែមទៀតផង ។
បើតាម លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម ឲ្យដឹងថា នាឱកាស នៃការប្រារព្ធពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ នេះ ក្រោមការរចង្អុលបង្ហាញរបស់ ឯកឧត្ដមអភិបាលខេត្ត ឲ្យជ្រើសរើសប្រភេទឈើល្អ និងមានតម្លៃសម្រាប់ដាំ មន្ទីរកសិកម្ម បានរៀបចំកូនឈើ សម្រាប់ដាំ និងចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅកន្លែងផ្សេងៗ សរុបចំនួន ចំនួន ប្រភេទ ស្មើនឹងកូនឈើសរុបចំនួន ២.៥០០ដើម ក្នុងនោះមាន ៖ កូនគ្រញូងចំនួន ១៥០ដើម កូនបេងចំនួន ៨០ដើម កូនធ្នង់ចំនួន ១៧០ដើម កូនគគីរចំនួន ១០០ដើម និងកូនក្ងោកចំនួន ២.០០០ដើម ៕