មីស៊ីលរុស្ស៊ីបានសម្លាប់មនុស្សយ៉ាងតិច៦នាក់នៅភូមិកំណើតរបស់ Zelensky នៅភាគកណ្តាលអ៊ុយក្រែន!

0

 

រុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់លើទីក្រុង Kryvyi Rih របស់អ៊ុយក្រែនដោយសម្លាប់មនុស្សចំនួន៦នាក់ រួមទាំងក្មេងស្រីអាយុ១០ឆ្នាំម្នាក់និងម្តាយរបស់នាងផងដែរ។

 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែននិយាយថា មនុស្សចំនួន៦៩នាក់ផ្សេងទៀត បានរងរបួស ពេលដែលមីស៊ីលធ្លាក់លើអគារខ្ពស់ និងសាកលវិទ្យាល័យមួយ នៅម៉ោង៩ព្រឹក ថ្ងៃចន្ទទី៣១ខែកក្កដា (ពេលវេលានៅអ៊ុយក្រែន)។

 

ជាស្រុកកំណើតរបស់លោកប្រធានាធិបតី Volodymyr Zelensky, ទីក្រុង Kryvyi Rih ដែលមានប្រជាជន៦០ម៉ឺននាក់ គឺតែងតែជាគោលដៅសម្រាប់ការវាយប្រហាររបស់រុស្ស៊ី។

 

កាលពីខែមិថុនា មនុស្សចំនួន១១នាក់បានស្លាប់ និង២៨នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុងនេះ បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ ទៅលើអគារស៊ីវិល។

 

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសរុស្ស៊ី បាននិងកំពុងបង្កើនការវាយប្រហារ លើគោលដៅជនស៊ីវិល ហើយលោក Mykhailo Podolyak ជាទីប្រឹក្សាកំពូលរបស់លោក Zelensky បានចោទប្រកាន់ទីក្រុងមូស្គូថា បានបើកការវាយប្រហារ “ប្រល័យពូជសាសន៍” លើជនជាតិអ៊ុយក្រែន។

 

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានបដិសេធឥតឈប់ឈរថា ខ្លួនស្វែងរកគោលដៅជនស៊ីវិល ប៉ុន្តែមេដឹកនាំលោកខាងលិច រួមទាំងប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ បានចោទរុស្ស៊ីថា បានទម្លាក់គ្រាប់បែកជាញឹកញាប់លើតំបន់ ដោយគ្មានគោលបំណងយោធា។

 

ហើយកាលពីដើមខែនេះ អង្គការសហប្រជាជាតិបញ្ជាក់ថា មានជនស៊ីវិលចំនួន ២៥៦៧១ នាក់ត្រូវបាត់បង់ជីវិត ចាប់តាំងពីរុស្ស៊ីចាប់ផ្តើមការលុកលុយចូលអ៊ុយក្រែនកាលពីឆ្នាំមុន ថ្វីបើតួលេខពិតប្រាកដទំនងជាខ្ពស់ជាងនេះឆ្ងាយក៏ដោយ៕

Leave A Reply

Your email address will not be published.