របបយោធាមីយ៉ាន់ម៉ា លើកលែងទោសលោកស្រី អ៊ុងសាន ស៊ូជី ពន្យារពេលការបោះឆ្នោត!

0

 

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី នឹងត្រូវលើកលែងទោសចំពោះបទល្មើសចំនួន ៥ ក្នុងចំណោមបទល្មើសជាច្រើន ដែលលោកស្រីត្រូវបានជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ។

 

ម្ចាស់ជ័យលាភីណូបែលរូបនេះ ដែលកាលពីសប្តាហ៍មុនបានផ្លាស់ប្តូរពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះក្នុងរដ្ឋធានី Naypyidaw ត្រូវបានឃុំខ្លួនចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារនៅដើមឆ្នាំ ២០២១ ។

 

អ្នកស្រីស៊ូជី ត្រូវបានផ្ដន្ទាទោសចំពោះបទល្មើសផ្សេងៗរាប់ចាប់ពីការញុះញង់ និងការបន្លំសន្លឹកឆ្នោត រហូតដល់អំពើពុករលួយ។ ប៉ុន្តែលោកស្រីបានបដិសេធរាល់ការចោទប្រកាន់។

 

ទោះជាយ៉ាងណា វិទ្យុ និងទូរទស្សន៍មីយ៉ានម៉ា បានរាយការណ៍ពីការលើកលែងទោសកាលពីថ្ងៃអង្គារ ប៉ុន្តែប្រភពព័ត៌មានមួយបាននិយាយថា លោកស្រីនឹងនៅតែស្ថិតក្នុងការឃុំនៅក្នុងផ្ទះដដែល។

 

គួរររលឹកថា លោកស្រី ស៊ូជី អាយុ ៧៨ឆ្នាំ ជាកូនស្រីរបស់វីរៈបុរសឯករាជ្យរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានឃុំខ្លួនក្នុងផ្ទះជាលើកដំបូងក្នុងឆ្នាំ ១៩៨៩ បន្ទាប់ពីមានការតវ៉ាដ៏ធំប្រឆាំងនឹងការគ្រប់គ្រងដោយយោធាជាច្រើនទសវត្សរ៍។

 

ក្នុងឆ្នាំ ១៩៩១ លោកស្រីបានឈ្នះរង្វាន់ណូបែលសន្តិភាពសម្រាប់យុទ្ធនាការដើម្បីលទ្ធិប្រជាធិបតេយ្យ និងបានដោះលែងទាំងស្រុងពីការឃុំខ្លួនក្នុងផ្ទះក្នុងឆ្នាំ ២០១០។

 

មុននេះ ទូរទស្សន៍រដ្ឋបានរាយការណ៍ថារបបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបានពន្យារពេលការបោះឆ្នោតជាផ្លូវការដែលខ្លួនបានសន្យាថានឹងរៀបចំនៅខែសីហាឆ្នាំនេះ។

 

យោធាមីយ៉ាន់ម៉ានិយាយថា ការបោះឆ្នោតនឹងត្រូវធ្វើឡើងបន្ទាប់ពីដាក់រដ្ឋក្នុងភាពអាសន្នរយៈពេលមួយឆ្នាំសិន។

 

មេដឹកនាំរបបកុម្មុយនីស្ត ឧត្តមសេនីយ៍ Min Aung Hlaing នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទជាមួយក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខដែលគាំទ្រដោយកងទ័ព បានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នចំនួនប្រាំមួយខែបន្ថែមទៀត។

 

គួរជម្រាបថា មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារមក ជាមួយនឹងចលនាតស៊ូប្រយុទ្ធនឹងយោធានៅលើមុខជាច្រើនបន្ទាប់ពីការបង្រ្កាបយ៉ាងបង្ហូរឈាមលើគូប្រជែងដែលបានទាក់ទាញការថ្កោលទោសជាសាកល និងបានឃើញការដាក់ទណ្ឌកម្មរបស់លោកខាងលិចឡើងវិញ។ យោធាបានសន្យាថានឹងរៀបចំការបោះឆ្នោតនៅខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីវាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី ប៉ុន្តែវាបានលើកឡើងពីអំពើហិង្សាដែលកំពុងបន្តជាហេតុផលដើម្បីពន្យារពេលការបោះឆ្នោត៕

Leave A Reply

Your email address will not be published.