លោកឧត្តមសេនីយ៍ស្នងការ ដាក់ចេញនូវគោលការណ៍សំខាន់ៗ ឲ្យកងកម្លាំងទាំងអស់ បន្ដខិតខំពង្រឹងសមត្ថិភាពជំនាញរបស់ខ្លួន ដេីម្បីបង្កេីនប្រសិទ្ធភាពក្នុងការអនុវត្តការងារអោយបានល្អប្រសេីរ!
នៅព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែមិថុនា-កក្ដដា ឆ្នាំ២០២៣ និងលេីកទិសដៅអនុវត្តបន្ត ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ដោយមានការអញ្ជើញចូលរួមពី:លោក-លោកស្រី ស្នងការរង
លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញ លោកអធិការ លោក-លោកស្រី អធិការរង នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ឃុំ-សង្កាត់។
ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្ដមសេនីយ៍ស្នងការបានដាក់ចេញនូវទិសដៅបន្ដ ក៏ដូចជាវិធានការមួយចំនួនដូចជា÷
១-បន្ដពង្រឹង និងជំរុញឲ្យការអនុវត្តកិច្ចការងារថ្នាក់មូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ពិសេសគឺការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំង១០៩ ឃុំ-សង្កាត់ ឲ្យបានល្អប្រសើរ
២-បន្ដពង្រឹងសមត្ថិភាពកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាល ស្រុក-ក្រុង ទាំង១០ ដេីម្បីអនុវត្តតាមបណ្ដាផ្នែកជំនាញ នីមួយៗ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
៣-បន្ដពង្រឹងការងារជំនាញ តាមបណ្ដាផែនជំនាញនីមួយៗ និងតាមបណ្ដាការិយាល័យជំនាញ ចំណុះផែន
៤-បន្ដការចុះល្បាតត្រួតពិនិត្យ ចល័តនៅតាមបណ្ដាចំណុចប្រឈមនឹងបទកេីតឡេីងមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
៥-បន្ដពង្រឹងវិន័យកម្លាំង និងកត្តាសាមគ្គីភាពផ្ទៃក្នុង
លោកឧត្តមសេនីយ៍ស្នងការមានប្រសាសន៍បន្ថែមថា នៅតាមបណ្ដាការិយាល័យជំនាញមួយចំនួន ក៏ត្រូវខិតខំបន្ដផ្ដល់ជូនការថតអត្ដសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស, បន្ដការពង្រឹងវិធានការ ដេីម្បីទប់ស្កាត់ធានាឲ្យបានការកាត់បន្ថយរាល់បទល្មេីស ដូចជា: បទល្មើសព្រហ្មទណ្ឌ, បទល្មើសចរាចរណ៍ផ្លូវគោក, បទល្មើសគ្រឿងញៀន, បទល្មើសសេដ្ឋកិច្ច និងបទល្មេីសប្រឆាំងការជួញដូរ ផងដែរ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុង លោកអធិការរងទទួលផែននគរបាលយុត្តិធម៌, សណ្ដាប់ធ្នាប់សាធារណៈ, អត្តសញ្ញាណកម្ម និងផែនការងារប្រឆាំងគ្រឿងញៀន និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ឃុំ-សង្កាត់ ៕