កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ០៤នាក់រួមនិងវត្ថុតាងគ្រឿងញៀនកន្លះគីឡូជាង !
កំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជនសង្ស័យចំនួន០៤នាក់រួមនិងវត្ថុតាង ត្រូវបាន កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពតាងួន និងបានបន្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វខេត្តក្រចេះធ្វើការបង្រ្កាបឃាត់ខ្លួនបាន។
ប្រតិបត្តិការ នេះធ្វើឡើងកាលពីវេលាម៉ោង ១១ និង ០០ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោក ឧត្តមសេនីយ៍ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានមានប្រសាសន៍អោយដឹងថា ករណីនេះបន្ទាប់ពីសមត្ថកិច្ចជំនាញយើងបានទទួលព័ត៍មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ហើយបានការឯកភាពពីឯកឧត្តម *វង្ស ប៊ុនវិសុទ្ធ* ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
ពេលនោះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពតាងួន បានបន្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វខេត្តក្រចេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី *ជីវ សេងរស់* ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ០៤នាក់ប្រុស៖
១.ឈ្មោះ *សេង វាសនា ហៅ មាស* ភេទប្រុស អាយុ ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ជាមុខសញ្ញាមានថ្នាំញៀនចំនួន០៩កញ្ចប់។
២.ឈ្មោះ *យឿន តៃវ៉ាន់់* ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
៣.ឈ្មោះ *ស្រឿន សុភាព* ភេទប្រុស អាយុ ៤៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
៤.ឈ្មោះ *សួន ណារ៉ុម* ភេទប្រុស អាយុ ៤២ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់អោយដឹងថា ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០កញ្ចប់មានទម្ងន់ ៦៤៤.៦៣ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន ០៤គ្រឿង និងជញ្ជីងអេឡិចត្រូនិចចំនួន ០១គ្រឿង*។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបញ្ជូនខ្លួនទៅកាន់ *ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម* ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕